ក្រពើគ្មានទីផ្សារក្នុងស្រុក រដ្ឋា ភិបាលសម្លឹងមើលទីផ្សារចិន
ភ្នំពេញ៖ក្រពើរស់បានធ្លាក់ថ្លៃយ៉ាងខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារពុំមានទីផ្សារ ក្នុងស្រុកដែលជាហេតុធ្វើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្លឹងទៅរកទីផ្សារនាំចេញសត្វ ក្រពើទៅកាន់ប្រទេសចិន។
យោងតាម លោក អុង វិសាល អ្នកចិញ្ចឹមក្រពើម្នាក់នៅខេត្ត សៀមរាប ក្នុងរយៈពេលប្រាំឆ្នាំចុង ក្រោយនេះតម្លៃ សត្វក្រពើ នៅកម្ពុជាបានធ្លាក់ចុះប្រមាណជា១០ ដង សម្រាប់ក្រពើធំ។ ពោលគឺមេ ក្រពើមួយក្បាលតម្លៃចន្លោះពី ៥០០ ទៅ ៦០០ ដុល្លារ អាមេរិក បានដាំក្បាលចុះមកត្រឹម ៤០ ទៅ ៥០ ដុល្លារ ប៉ុណ្ណោះ។ ចំណែកកូនក្រពើមួយក្បាលដែលកាលពីមុនតម្លៃរហូតដល់ ១៥ ឬ២៥ ដុល្លារ បច្ចុប្បន្ន គេអាចលក់បានត្រឹមតែពីរដុល្លារប៉ុណ្ណោះ ក្នុងមួយក្បាល។
បច្ចុប្បន្នទីផ្សារសត្វក្រពើកម្ពុជាពឹងផ្អែកស្ទើរទាំងស្រុងទៅលើការនាំចេញទៅកាន់ប្រទេសវៀតណាម។ ហើយវៀតណាមនាំចេញកូនក្រពើដែលទិញពីប្រទេសកម្ពុជាទៅកាន់ ប្រទេសចិន។ ដោយឡែក សម្រាប់ ទីផ្សារក្នុងស្រុក គឺមានតែការលក់សាច់សម្រាប់ហាងមួយចំនួនតែប៉ុណ្ណោះ។
កាលពីខែកុម្ភៈ ក្រសួងកសិកម្ម បានចរចាជាមួយ ប្រទេសចិន ដើម្បី បើកទីផ្សារនាំស្បែកក្រពើទៅ កាន់ប្រទេសមហាអំណាចប្រចាំតំបន់មួយ នេះ។ នេះបើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ បញ្ជាក់ថា ប្រទេសចិន មិន ទាន់ ផ្តល់ ចម្លើយយ៉ាងណានៅឡើយទេរហូតមកទល់ពេលនេះ។
លោក ហ៊ឹប មោរ៉ា ប្រធានផ្នែកអភិវឌ្ឍន៍វារីវប្បកម្ម ខណ្ឌរដ្ឋបាលជលផលសៀមរាប ឱ្យដឹងថា គិតមកដល់ពេលនេះ ខេត្តសៀមរាប មានកសិដ្ឋានចិញ្ចឹមក្រពើចំនួន ១៨៩ ដែលមានក្រពើសរុបចំនួនជិត ប្រាំពីរក្បាល។
ក្រៅពីខេត្តសៀមរាប ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ និងខេត្តកណ្តាល ក៏ មាន កសិដ្ឋាន ចិញ្ចឹម ក្រពើ ផងដែរ។
លោក អុង វិសាល ពន្យល់ថា ក្រពើមានអាយុចាប់ពី២ឆ្នាំឡើងទៅទើបអាចយកស្បែកបាន ហើយនៅខ្មែរគ្មានរោងចក្រធ្វើស្បែកក្រពើ ពោលគឺមានតែពាក់កណ្តាលស្វ័យប្រវត្តិ ឬវះប្រឡាក់អំបិលប៉ុណ្ណោះ មិនទាន់អាចមានលទ្ធភាពចិញ្ចឹមឱ្យត្រូវតាមស្តង់ដារនៅឡើយ។
ផ្អែកតាម លោក អុង វិសាល អ្នកចិញ្ចឹម ក្រពើ ដែល មាន បទពិសោធន៍ជាង ២០ ឆ្នាំ ឲ្យ ដឹងថា ការចិញ្ចឹមបានធ្លាក់ចុះនៅសល់ប្រហែល ២០ទៅ ៣០ភាគរយ។
ទាំងលោក អុង វិសាល ទាំង លោក ញ៉ែម បូរាណ ដែល ជា អ្នក ចិញ្ចឹម ក្រពើ ម្នាក់ ទៀត យល់ ថា កម្ពុជា អាច នឹង អស់ មាន អ្នក ចិញ្ចឹម ក្រពើ ក្នុង អំឡុងមួយ ឬពីរឆ្នាំ ទៀត ប្រសិន បើ ករដ្ឋាភិបាល មិន ពន្លឿន ទី ផ្សារ នាំ ចេញ ទៅ កាន់ ប្រទេសចិនទេនោះ៕
ដោយៈទួន សុផល Apsara Tonight