រថយន្តស្ព័រ និងម៉ូតូធំ ៦០០គ្រឿង ជួបប្រណាំងគ្នានៅសៀមរាប ជំរុញទេសចរណ៍

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញៈយ៉ាងតិចមានម៉ូតូធំៗ ចំនួន៥០០ គ្រឿង និងរថយន្តស្ព័រចំនួន ១០០ គ្រឿង នឹង ចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំរថយន្ត និង ម៉ូតូ ឬហៅថា Car & Bike Festival ក្នុងខេត្ត សៀមរាបនៅថ្ងៃសុក្រ សប្តាហ៍នេះសម្រាប់ រយៈពេលបីថ្ងៃដើម្បីជំរុញវិស័យ ទេសចរណ៍ក្នុងខេត្តដ៏សំបូរប្រាសាទបុរាណមួយនេះ។
នៅក្នុងព្រឹត្តិការណ៍ជួបជុំរថយន្តនិងម៉ូតូនេះនឹងការដង្ហែក្បួនរថយន្ត និងម៉ូតូរាប់រយគ្រឿង មានការប្រណាំងម៉ូតូ និងការប្រគុំតន្ត្រីដែលចូលរួមដោយតារាចម្រៀង ល្បីៗ ផងដែរ។
លោក ពីជិត សិរីរិទ្ធ អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ប្រាប់ Apsara Tonight នៅថ្ងៃ នេះថា ការរៀបចំព្រឹត្តិការណ៍នេះ  គឺដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាលើកស្ទួយជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋាន ដែលពឹងអាស្រ័យលើវិស័យទេសចរណ៍។
វិស័យ ទេសចរណ៍ដែលទទួលរងការវាយប្រហារដោយជំងឺសកលកូវីដ ១៩ បានធ្វើឲ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាជនក្នុងខេត្តដែលពឹងអាស្រ័យនឹងឧស្សាហកម្មគ្មានផ្សែងនេះ។
ទោះជាយ៉ាងណាយោងតាមតួលេខពីក្រសួងទេសចរណ៍ ឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិជាង ៥,៤លាននាក់បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំ ២០២៣។ ដោយឡែករយៈពេល បីខែ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១,៥លាននាក់ គឺកើនឡើងជាង ២២ភាគរយ បើនឹងធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។  
ក្រុម ម៉ូតូធំ និងរថយន្តដែលចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំ រថយន្ត និងម៉ូតូត្រូវជួបជុំ គ្នា នៅ អតីតព្រលានយន្ដហោះ អន្តរជាតិ ខេត្តសៀមរាប ហើយនឹងមានការប្រណាំង ម៉ូតូធំ និង ប្រណាំងរថយន្តលើផ្លូវរត់របស់យន្តហោះមុននឹងត្រូវជិះដង្ហែរជាក្បួនតាមដងផ្លូវ នានា ក្នុងខេត្តរួមទាំងក្នុងតំបន់អង្គរផងដែរ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ គាំទ្រ និងសាទរ ចំពោះការរៀបចំព្រឹត្តិការណ៍នេះ តែលោកយល់ថា អ្វីសំខាន់ជាងនេះទៀតនោះ គឺការសំអាតសំរាមឲ្យបានស្អាតល្អ ទើបកាន់តែអាចទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។ ម្យ៉ាងទៀត អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តពង្រឹងច្បាប់ចរាចរណ៍ និងរៀបចំគំនូសចរាចរណ៍ ឲ្យបានត្រឹមត្រូវ ដែលនេះជាចំណុចសំខាន់មួយទៀត ដែលអាចទាក់ទាញអ្នកទេសចរមកកម្ពុជាបន្ថែមទៀត៕
ដោយៈឃួន សុភ័ក្រ/Apsara Tonight

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner