ន័រវេសបិទព្រំដែនលែងទទួលអ្នកទេសចររុស្ស៊ី

អូស្លូ៖ ក្រសួងយុត្តិធម៌ន័រវេស បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសន័រវេសនឹងបិទខ្ទប់ព្រំដែនទប់ស្កាត់ការហូរចូលនៃអ្នកទេសចររុស្ស៊ី ដើម្បីឆ្លើយតបនឹងសង្គ្រាមរុស្ស៊ី ដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ដោយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២៩ ខែឧសភាតទៅ។

ប្រទេសន័រវេសជាសមាជិកអង្គការណាតូ ដែលមានព្រំដែនជាប់នឹងរុស្ស៊ីនៅតំបន់អាកទិក មានចម្ងាយជិត ២០០គីឡូម៉ែត្រ បានដាក់កម្រិតដំបូងលើទិដ្ឋាការអ្នកទេសចរណ៍រុស្ស៊ីនៅឆ្នាំ ២០២២ ភ្លាមៗបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញប្រឆាំងអ៊ុយក្រែន។

រដ្ឋមន្ត្រីយុត្តិធម៌ន័រវេស លោកស្រី Emilie Enger Mehl បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តដែលនឹងរឹតបន្តឹងច្បាប់ចូលទៅក្នុងប្រទេសន័រវេស គឺស្របតាមវិធីសាស្រ្តរបស់ន័រវេស ក្នុងការចាប់ដៃជាមួយសម្ព័ន្ធមិត្ត និងដៃគូ ឆ្លើយតបនឹងសង្គ្រាមឈ្លានពានខុសច្បាប់របស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។

ពលរដ្ឋរុស្ស៊ីណាដែលមានគោលបំណងធ្វើដំណើរទេសចរណ៍ និងធ្វើដំណើរមិនសំខាន់ នឹងត្រូវបញ្ជូនត្រឡប់ទៅព្រំដែនវិញ។ បើតាមក្រសួងយុត្តិធម៌ន័រវេស ការលើកលែងអាចត្រូវបានផ្តល់ នៅក្នុងករណីដូចជាការទៅសួរសុខទុក្ខគ្រួសារជិតស្និទ្ធដែលរស់នៅក្នុងប្រទេសន័រវេសប៉ុណ្ណោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ទង្វើបែបនេះរបស់ន័រវេស “មិនអាចគ្មានការឆ្លើយតបទេ”។
លោកបន្ថែមថា ពិតណាស់ ការសម្រេចចិត្តនេះ គឺជាការរើសអើងសុទ្ធសាធ… យើងមិនទទួលយកការសម្រេចចិត្តបែបនេះទេ… យើងសោកស្ដាយដែលថ្នាក់ដឹកនាំន័រវេសជ្រើសរើសវិធីនេះ ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែអាក្រក់ទៅៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner