មនុស្សជាង ១ម៉ឺននាក់ទៀតភៀសខ្លួនពីសង្រ្គាមអ៊ុយក្រែន
កៀវ៖ មនុស្សជិត ១១,០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារផ្លូកគោកនៅទីនោះ កាលពីថ្ងៃទី១០ ខែឧសភា។
អភិបាលក្រុង Kharkiv លោក Oleg Synegubov បានបង្ហោះសារនៅលើ Telegram ថា មនុស្សសរុបចំនួន ១០,៩៨០នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈដែលកងកម្លាំងរុស្ស៊ីបានឆ្ពោះទៅកាន់ភូមិព្រំដែន រួមទាំងទីក្រុង Lyptsi និងទីក្រុង Vovchansk។
មេបញ្ជាការអ៊ុយក្រែនបាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងទីក្រុង Vovchansk ដែលមានចម្ងាយតែ ៥គីឡូម៉ែត្រពីព្រំដែន។ អ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ និងទាហានយ៉ាងធ្ងន់ធ្ងរ បានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីមានប្រៀបនៅសមរភូមិភាគខាងកើត និងខាងជើង។
តួយ៉ាង រុស្ស៊ីបានរឹបអូសយកទឹកដីអ៊ុយក្រែនប្រហែល ២៧៨គីឡូម៉ែត្រការ៉េ នៅចន្លោះថ្ងៃទី៩ និងទី១៥ ខែឧសភា នេះបើយោងតាមការគណនារបស់ កាសែតបារាំង AFP ដោយផ្អែកលើទិន្នន័យពីវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា