ការបំភាយឧស្ម័នផ្ទះកញ្ចក់បារាំងធ្លាក់ចុះ ៥.៨ភាគរយក្នុងឆ្នាំ ២០២៣
ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal សប្ដាហ៍នេះ ថ្លែងថា ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់បារាំង បានធ្លាក់ចុះលើសពីការរំពឹងទុក គឺ ៥.៨ភាគរយ ក្នុងឆ្នាំ ២០២៣។
សមាគមឃ្លាំមើលការប្រែប្រួលអាកាសធាតុរបស់ប្រទេសបារាំង Citepa បានព្យាករណ៍កាលពីខែមីនាថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ នឹងធ្លាក់ចុះប្រចាំឆ្នាំរហូតដល់ ៤.៨ភាគរយ។
នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បាននិយាយថា យើងមានតួលេខការបំភាយឧស្ម័នឆ្នាំ ២០២៣ យ៉ាងច្បាស់លាស់ពី Citepa។
តួលេខពិតបានធ្លាក់ចុះនៅក្នុងប្រទេសបារាំង គឺចំនួន ៥.៨ភាគរយ ក្នុងឆ្នាំ ២០២៣។ ហើយការបំភាយឧស្ម័នផ្ទះកញ្ចក់បានធ្លាក់ចុះ ២.៧ភាគរយរួចហើយក្នុងឆ្នាំ ២០២២។
គួរបញ្ជាក់ថា ប្រទេសបារាំងបានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន ៥០ភាគរយនៅឆ្នាំ ២០៣០ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់អឺរ៉ុប។ ទីក្រុងប៉ារីសក៏មានគោលបំណងឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា