Tesla សង់រោងចក្រផលិតអាគុយ EV ខ្នាតធំ នៅចិន
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនផលិតឡានអគ្គិសនីអាមេរិក Tesla បានបើកការដ្ឋានសាងសង់រោងចក្រ ក្នុងទីក្រុងសៀងហៃ ដើម្បីផលិតអាគុយសម្រាប់ EV ប្រភេទ Megapacks ដែលជាផលិតផលផ្ទុកថាមពលថ្ម លីចូមអ៊ីយ៉ុង អាចសាកថាមពលបាន ក្នុងទ្រង់ទ្រាយធំ។
រោងចក្រថ្មីនេះលាតសន្ធឹងលើផ្ទៃដីប្រមាណ ២០ម៉ឺន ម៉ែត្រការ៉េ ជាមួយនឹងការវិនិយោគសរុប ជាង២០០លានដុល្លារ។ នេះបើយោងតាមរដ្ឋបាល នៃតំបន់ពិសេស Lin-gang របស់ប្រទេសចិន ឬ Shanghai Pilot Free Trade Zone នៅសៀងហៃ។
រោងចក្រ Megapacks គឺជារោងចក្រដំបូងគេ ដែលសាងសង់ដោយក្រុមហ៊ុន Tesla នៅខាងក្រៅដីសហរដ្ឋអាមេរិក និងជារោងចក្រទីពីររបស់ក្រុមហ៊ុន នៅទីក្រុងសៀងហៃ ពោលគឺបន្ទាប់ពីបានសម្ពោធរោងចក្រ Tesla ទី១ នៅទីនោះ កាលពីឆ្នាំ២០១៩។
តំណាងក្រុមហ៊ុនសាងសង់បានប្រាប់ Xinhua ក្នុងបទសម្ភាសន៍ផ្តាច់មុខថា រោងចក្រ Megapack នឹងផ្គត់ផ្គង់ទីផ្សារពិភពលោក ជាមួយនឹងថ្មផ្ទុកថាមពលខ្នាតធំ ដែលផលិតនៅក្នុងប្រទេសចិន៕
ប្រែសម្រួល៖ សារ៉ាត