សម្តេច ម៉ែន សំអន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដោយមានអ្នកចូលរួមជាង ២.៦០០នាក់

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ដែលមានសមាជិកសមាជិកាចូលរួមប្រមាណជាង ២.៦០០នាក់ មកពី ស្រុក ក្រុងទាំង៨ របស់ខេត្ត និងបានជួបជុំគ្នានៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីគ.ជ.បដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោតនិងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តបានយ៉ាងរលូន។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងខេត្តដែលជាអង្គបោះឆ្នោតសូមមេត្តាគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្ឆ្នាំ២០២៤ ដើម្បីបន្តថែរក្សាសន្តិភាព និងអភិវឌ្ឍន៍។

យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩ ឃុំ សង្កាត់ ១.៦៥២ ការិយាល័យបោះឆ្នោត ២០៩ ចំនួន អង្គបោះឆ្នោត ១១.៦២២នាក់ ស្ត្រី ២.៥៧៤នាក់ ដោយឡែកសម្រាប់ខេត្តស្វាយរៀង  មាន ៨ ក្រុង ស្រុក ៨០ ឃុំ សង្កាត់ សមាជិកអង្គបោះឆ្នោត ៥១៨នាក់ និងស្ត្រី ១៣០នាក់ ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner