ក្រុមហ៊ុន Nvidia កើនប្រាក់ចំណេញ៧ដង ដល់ជិត១៥ពាន់លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណេញសុទ្ធ ប្រចាំត្រីមាសដំបូង ឆ្នាំ២០២៤ របស់ខ្លួន មានចំនួនជិត ១៥ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន ៧ដង បើធៀបនឹងប្រាក់ចំណេញ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣។

ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅរដ្ឋ កាលីហ្វ័រញ៉ា មួយនេះ បានប្រាប់ថា តម្រូវការសម្រាប់បន្ទះឈីប ដើម្បីផ្តល់ថាមពលដល់បញ្ញាសិប្បនិម្មិត នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ជាកត្តាដ៏សំខាន់ ជំរុញប្រាក់ចំណេញសុទ្ធ ចំនួន ១៤.៩ ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលរបស់ខ្លួន មានចំនួន ២៦ពាន់លានដុល្លារ កើនជិត បួនដង បើធៀបនឹងក្នុងត្រីមាសសារពើពន្ធ ដូចគ្នា កាលពីឆ្នាំមុន។

នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បាននិយាយថា ក្រុមហ៊ុន និងបណ្តាប្រទេសនានា កំពុងចាប់ដៃគូជាមួយ NVIDIA ដើម្បីផ្លាស់ប្តូរមជ្ឈមណ្ឌលទិន្នន័យបែបប្រពៃណី ទៅជាមជ្ឈមណ្ឌលទិន្នន័យប្រភេទថ្មី គឺ រោងចក្របញ្ញាសិប្បនិម្មិត ឬ AI ដើម្បីផលិតទំនិញថ្មីៗ។

យោងតាមលោក Huang បានឱ្យដឹងថា GPUs ឬ អង្គដំណើរការក្រាហ្វិកទំនើប គឺជាតម្រូវការខ្លាំង នៃការបណ្តុះបណ្តាលគំរូ AI ។ នៅក្នុងសញ្ញាដ៏ជោគជ័យមួយទៀត គឺការចាប់អារម្មណ៍លើ AI ជំនាន់ថ្មី ដែលកំពុងពង្រីកលើសពី cloud computing titans ទៅកាន់អ្នកប្រើប្រាស់អ៊ីនធឺណែត, រថយន្ត និងក្រុមហ៊ុនថែទាំសុខភាព ហើយក៏ស្របពេលដែលបណ្តាប្រទេសនានា កំពុងស្វែងរកការអភិវឌ្ឍ AI ប្រកបដោយ អធិបតេយ្យ រៀងៗខ្លួន។

លោក Huang បានពណ៌នាអំពីបន្ទះឈីបរបស់ Nvidia ថា ជាចំណុចស្នូលនៃមជ្ឈមណ្ឌលទិន្នន័យ AI។ លោកបានឲ្យដឹងដែរថា ហេដ្ឋារចនាសម្ព័ន្ធ បញ្ញាសិប្បនិម្មិត អធិបតេយ្យ ឬ Sovereign AI កំពុងត្រូវបានសាងសង់នៅក្នុងប្រទេសកាណាដា បារាំង ជប៉ុន និងប្រទេសជាច្រើនទៀត។

យ៉ាងណាមិញ លោក Huang បាននិយាយថា អាជីវកម្ម Nvidia ក្នុងប្រទេសចិន គឺមានកម្រិតទាបជាងកម្រិត កាលពីអតីតកាល ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំង លើកម្រិតនៃបច្ចេកវិទ្យាថ្មីៗ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner