គុនសាវលីង បើកបង្ហាត់ នៅស្រុកខ្មែរ

ភ្នំពេញ៖ មួយខែក្រោយពីព្រឹត្តិការសម្តែងក្បាច់គុន នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប ឥឡូវនេះ ក្បាច់គុនសាវលីង របស់ចិន នឹងបើកបង្រៀនសិស្សនៅប្រទេសកម្ពុជា។

ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រាប់ Apsara Tonight នៅថ្ងៃព្រហស្បត្តិ៍នេះថា«មជ្ឈមណ្ឌលវប្បធម៌របស់វត្តសាវលីង នឹងរៀបចំទទួលបង្ហាត់ក្បាច់គុនសាវលីងដល់កូនសិស្សខ្មែរ និងបរទេស»។

សេចក្តីអះអាងនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាគមមិត្តភាពសាវលីងដើម្បីកម្ពុជា បានបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់វត្តសាវលីង ដែលជាវត្តដ៏ចំណាស់បំផុតមួយរបស់ចិន នៅខណ្ឌសែនសុខរាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ដដែល បញ្ជាក់ថា ការចុះឈ្មោះសិស្សចូលរៀនក្បាច់គុនសាវលីង «ចាប់ផ្តើមហើយ ចាប់ពីពេលនេះតទៅ»។
ទោះជាយ៉ាងណានៅមិនទាន់មានតួលេខនៃចំនួនអ្នកចុះឈ្មោះចូលរៀនក្បាច់គុនសាវលីងនៅឡើយរហូតមកទល់ថ្ងៃនេះ។

ក្បាច់គុណសាវលីងដ៏មានវ័យចំណាស់ រហូតដល់ទៅ ១ ៥០០ឆ្នាំ របស់ចិននេះ ត្រូវបានប្រជាពលរដ្ឋកម្ពុជាស្គាល់យ៉ាងទូលំទូលាយតាមរយៈភាពយន្តបុរាណចិនដែលសាយភាយពាសពេញប្រទេសកម្ពុជារាប់ទសវត្សមកហើយ។

ក្បាច់គុននេះគឺជាប្រភេទក្បាច់គុនដែលមានសភាពទន់ភ្លន់ទាំងផ្នែកដៃ និងជើង ប៉ុន្តែមានថាមពលខ្លាំង រស់រវើក និងមានសន្ទុះវាយលុកយ៉ាងរហ័សរហួនទៅលើគូរសត្រូវ។
កាលពីថ្ងៃទី២៤ ខែមេសា ក្បាច់គុនសាវលីង ត្រូវបាននាំមកសម្តែងជាសាធារណៈលើកដំបូងក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍សម្តែងក្បាច់គុន ជាមួយក្បាច់គុនល្បុក្កតោខ្មែរ នៅមុខប្រាសាទបាយ័ន ដ៏ល្បីល្បាញ ក្នុងខេត្តសៀមរាប។

លោក ឆន ច័ន្ទវិរៈ គ្រូក្បាច់គុនល្បុក្កតោមួយរូបយល់ថា ការបើកវគ្គបង្ហាត់ក្បាច់គុនរបស់វត្តសាវលីងចិន នៅកម្ពុជា មិនមានផលប៉ះពាល់អ្វីដល់ក្បាច់គុនបុរាណខ្មែរនោះទេ។
លោក ច័ន្ទវិរៈ បន្ថែមថា នេះជាការផ្សព្វផ្សាយក្បាច់គុនរបស់ប្រទេសនីមួយៗប៉ុណ្ណោះ ហើយក្បាច់គុនបុរាណខ្មែរ ក៏មានការបង្ហាត់ដល់ជនបរទេសផងដែរ។

យោងតាមរបាយការណ៍ដែល Apsara Tonight ទទួលបានពីក្រសួងទេសចរណ៍កម្ពុជា ឱ្យដឹងថា សិស្សក្បាច់គុនសាវលីងនៅលើពិភពលោក មានជាង៦០លាននាក់ ហើយពួកគេរៀន ដើម្បីបន្តវេនវប្បធម៌សាវលីង ចំណាស់ ១៥សតវត្សនេះ៕
ដោយ៖ទួន សុផល Apsara Tonight

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner