ក្រុមហ៊ុនធំមួយរបស់ចិនចង់ទិញគ្រាប់ស្វាយចន្ទីក្រៀម ២០ម៉ឺនតោនពីកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនធំមួយរបស់ចិនដែលមានមូលដ្ឋាននៅខេត្តគ័ងស៊ីកំពុងចរចាទិញគ្រាប់ស្វាយចន្ទីក្រៀមចំនួន ២០ ម៉ឺនតោនពីប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រាប់ស្វាយចន្ទីក្រៀមដែលក្រុមហ៊ុនចង់ចិនចង់ទិញពីកម្ពុជានេះគឺសម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តគ័ងស៊ី។លោកថា ពេលនេះក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និង សមាគមរបស់លោក បានត្រៀមចរចាដើម្បីសម្រេចលើនីតិវិធីលើការដឹកជញ្ជូន មុននឹងឈានទៅដល់ការចុះកុងត្រា។

ចំពោះតម្លៃ លោក អួន ស៊ីឡុត បញ្ជាក់ថា ផ្អែកទៅតាមតម្លៃទីផ្សារ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីក្រៀម ឬស្ងួតមានតម្លៃ ជាង ១៦០០ ដុល្លារក្នុងមួយតោន។ កាលពីខែមេសាកន្លងទៅនេះ គ្រាប់ស្វាយចន្ទីសើមមានតម្លៃ ៥០០០រៀល ក្នុង១គីឡូក្រាម។

គួរបញ្ជាក់ដែរថា នៅក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៤នេះ  កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៤៧ម៉ឺន៤ពាន់តោន ដោយក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមចំនួន  ៤២៤.០០០តោន គិតជាទឹកប្រាក់  ៥៤៣លានដុល្លារ  ។ នេះបើតាមការឱ្យដឹងពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។

បើគិតពេញមួយឆ្នាំ ២០២៣ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិចំនួន ៦៥៦.០០០ មតោន ថយចុះ ៧.៦ភាគរយគិតជាទឹក ប្រាក់ ចំនួន ៨៣៧ លានដុល្លារបើប្រៀបធៀបឆ្នាំ២០២២។

ទោះយ៉ាងណាបញ្ហាប្រឈមធំបំផុតមួយរបស់កម្ពុជាគឺការនាំចេញភាគច្រើននៅពេលនេះជាគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ និងក្នុងតម្លៃទាបនៅឡើយដោយសារខ្វះកន្លែងសម្រាប់សម្ងួត និងខ្វះឃ្លាំងស្តុកទុក និងកែច្នៃ។ ចំណែក តម្លៃស្វាយចន្ទី មានទំនោរធ្លាក់ចុះខ្លាំងនៅរដូវប្រមូលផល ដែលជាបញ្ហាប្រឈមមួយទៀតដែលអ្នកដាំត្អូញត្អែរ រំពឹងជំនួយផ្នែកទីផ្សារពីរដ្ឋាភិបាល៕

ដោយ៖ ញ៉ែម សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner