ទន្លេផែន កំពុងលាក់ខ្លួនលើកំពូលភ្នំ ស្រុកសំឡូត

ភ្នំពេញ៖ កាលណាគេនិយាយពីទន្លេ គេអាចស្រមៃបានថា គឺជាអាងផ្ទុកទឹកដែលមានបណ្តោយវែងអន្លាយរាប់សិបគីឡូម៉ែត្រ ឬរាប់រយគីឡូម៉ែត្រ បត់បែនឆ្លងកាត់ច្រើនតំបន់។ ប៉ុន្តែទន្លេផែន មិនមែនដូច្នោះឡើយ។

តាមពិតទន្លេផែន ដែលអ្នកភូមិតំបន់ អូរជាំ មានទម្លាប់ហៅតៗគ្នានោះ មិនមែនជាទន្លេទេ ប៉ុន្តែវាគឺជាបឹងធម្មជាតិ ដែលមានទឹកថ្លាឈ្វេង ទំហំប្រាំបីហិកតា ដែលកំពុងតែបង្កប់ខ្លួនយ៉ាងស្ងាត់ស្ងៀម ក្នុងព្រៃជ្រៅ លើកំពូលភ្នំអូរជាំ នៃខ្សែភ្នំសំកុស ស្រុកសំឡូត ខេត្តបាត់ដំបង។ ទន្លេផែន ព័ទ្ធជុំវិញដោយដើមឈើធំៗ ខ្ពស់ៗ និងកាត់ផ្តាច់ពីតំបន់រស់នៅរបស់ប្រជាពលរដ្ឋស្ទើរទាំងស្រុងដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលគេអាចទៅកាន់ទីនោះ បានដោយការធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។

យោងតាមសហគមន៍តំបន់ការពារធម្មជាតិ អូរជាំ មានមនុស្សមិនដល់ដប់នាក់ទេ ដែលបានទៅដល់បឹងដែលស្ថិតក្នុងរយៈកម្ពស់១៤០០ម៉ែត្រ នេះ។ មូលហេតុគឺ ដោយសារ ផ្លូវទៅកាន់បឹងនេះមានសភាពលំបាក ហ៊ុំព័ទ្ធដោយព្រៃស្រោងធំៗ និងស្ងាត់ខ្លាំង ហើយការធ្វើដំណើរពីភូមិដែលមានចម្ងាយមិនដល់ដប់គីឡូម៉ែត្រផង ត្រូវចំណាយពេលយ៉ាងតិចប្រាំបីម៉ោង មុននឹងឡើងដល់បឹងធម្មជាតិនេះ។

លោក វីង វឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបងបានឱ្យដឹងថា រហូតមកទល់ពេលនេះមានអ្នកភូមិត្រឹមតែ ៣ទៅ៤នាក់ ប៉ុណ្ណោះ បានទៅដល់បឹង ដែលអ្នកភូមិដាក់ឈ្មោះថាជា ទន្លេផែននោះ។ អ្នកភូមិទាំងនោះហាក់ដូចជាបានរកឃើញបឹងនោះដោយចៃដន្យ នៅពេលដែលពួកគេឡើងភ្នំដើម្បីស្វែងរកកាប់ឈើសម្រាប់ធ្វើជាឱសថបុរាណ ដើរស្វែងរកបេះក្រវាញ បេះសោម ជាដើម។

លោក វីង វឺន បង្ហាញថា នៅទីនោះ ហាក់ដូចជាស្ថិតក្នុងជម្រៅនៃធម្មជាតិដ៏ស្ងប់ស្ងាត់ «គ្មានសម្លេងអ្វីក្រៅអំពីសត្វបក្សាបក្សី និងសត្វស្វា ទោចយំឆ្លើយឆ្លងគ្នា។ក្រៅពីសត្វទាំងនេះក៏មានសត្វឈ្លូស ប្រើស និងសត្វដទៃទៀតជាច្រើនផងដែរ»។

លោក គីម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំ ជួយបន្ថែមថា បឹងនេះ គឺជាប្រភពទឹក ដែលហូរពីកំពូលភ្នំ ទម្លាក់ទៅកាន់ទឹកធ្លាក់ អូរជាំ បង្កើតបានជាទស្សនិយភាពស្រស់ត្រកាល។ បន្ថែមពីនេះ បឹង ឬទន្លេផែន
នេះបានផ្តល់ជាប្រភពទឹកដល់អ្នកស្រុកក្នុងតំបន់ភ្នំសំកុស សម្រាប់ស្រោចស្រពដំណាំ ធ្វើកសិកម្ម និងជាប្រភពទឹកប្រើប្រាស់ផងដែរ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា ដែលធ្លាប់ទៅកាន់បឹងដ៏ធំនេះបានប្រាប់ Apsara Tonightថាបឹងនេះផ្តល់នូវសក្តានុពលជាច្រើនដល់អ្នកមូលដ្ឋានក្នុងនេះដូចជាផ្តល់នូវប្រភពទឹក ។ពិសេសទឹកធ្លាក់ ដែលជាគោលដៅតំបន់ទេសចរណ៍មួយក្រៅអំពីទឹកធ្លាក់អូរជាំផងដែរ។

មន្រ្តីអ្នកនាំពាក្យរូបនេះបន្ថែមថាក្រសួងបរិស្ថានឹងធ្វើការសិក្សាអំពីបឹង ឬទន្លេផែននេះសម្រាប់វិស័យទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ។ ក្រុមមន្ត្រីសហគមន៍ឱ្យដឹងថាពួកខ្លួនមានបំណងប្រែក្លាយ ទន្លេផែន ឬបឹងធម្មជាតិលើភ្នំអូរជាំនេះ ឱ្យទៅជាមណ្ឌលទេសចរណ៍កម្សាន្តបែបផ្សងព្រេង និងបោះតង់ នាថ្ងៃអនាគត៕
ដោយ៖Apsara Tonight

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner