តម្រូវការប្រើប្រាស់ដីធ្លីតាមផ្លូវក្រវាត់ក្រុងទី៣ រំពឹងមានកំណើនខ្ពស់

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានព្យាករណ៍ពីការកើនឡើងនៃតម្រូវការប្រើប្រាស់ដីធ្លីនៅតាមបណ្តោយ​ផ្លូវក្រវាត់ក្រុងទី៣ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំមុនក្នុងរាជធានីភ្នំពេញ។ ផ្លូវនេះបានជំរុញសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍មួយចំនួន ដែលរំពឹងថា នឹងផ្តល់ប្រយោជន៍លើសពីការដឹកជញ្ជូន និងការធ្វើដំណើរចេញ-ចូលទីក្រុង។

បច្ចុប្បន្នលើកំណាត់ផ្លូវក្រវាត់ក្រុងដែលភ្ជាប់ពីផ្លូវឈ្នះ ឈ្នះ ឬគេនិយមហៅថា ផ្លូវទំនប់កប់ស្រូវភ្ជាប់ទៅស្ពានអាកាសជម្ពូវ័ន្តលើផ្លូវជាតិលេខ៤ និងបន្តរហូតដល់ផ្លូវជាតិលេខ៣ មានត្រៀមដីសម្រាប់អភិវឌ្ឍន៍សំណង់លំនៅឋានខ្លះដែរ ហើយក្នុងនោះក៏ឃើញមានអាជីវកម្មមួយចំនួន ដូចជា ភោជនីយដ្ឋាន  អាហារដ្ឋាន ឃ្លាំងស្តុកទំនិញ ថ្មីៗទៀតចាប់ផ្ដើមលេចរូបរាងជាបន្តបន្ទាប់។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក ក្រុមហ៊ុន អចលនទ្រព្យ Advance និយាយថា នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុង មានតំបន់ប៉ែកខាងលិចឆៀងខាងត្បូងគឺជាតំបន់ដែលមានសក្ដានុពល សម្រាប់អភិវឌ្ឍជាពិសេសឃ្លាំងស្តុកទំនិញមុននិងក្រោយផលិត ព្រោះទីតាំង នោះសម្បូរទៅដោយ រោងចក្រ និងសហគ្រាស។

ចំណែកតំបន់ប៉ែកខាងត្បូង  និងខាងកើតវិញ លោកប៉ូ អ៊ាវគង់ លើកឡើងថា  វាជាតំបន់ដែលនឹងមាន តម្រូវការដីលំនៅឋាន  ទាំងសម្រាប់អ្នកមានចំណូលមធ្យម  និងបង្គួរ។

យ៉ាងណាក៏ដោយសន្ទុះកំណើនរំពឹងទុកនៅផ្លូវក្រវាត់ក្រុងនេះ មិនឆ្លុះបញ្ចាំងពីវិស័យអចលទ្រព្យទាំងមូលនោះទេ។ ទស្សនវិស័យ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានព្យាករថា  វិស័យសំណង់ និងអចលនទ្រព្យ នឹងបន្តមានកំណើនទាបនៅឆ្នាំនេះ ហើយថា ការងើបឡើងយ៉ាងទន់ខ្សោយនៃវិស័យសំណង់ បូកផ្សំនឹងការថយចុះតម្រូវការក្នុងវិស័យអចលនទ្រព្យ និងការវិនិយោគពីបរទេសផង បានបង្កជាប្រឈមមួយនៃសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៤នេះ៕

ដោយ៖អ៊ិច ណែត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner