អគ្គរង UN ៖ កុំរំពឹងថា ក្រុមមួកខៀវ នឹងបញ្ឈប់សង្គ្រាម

បរទេស៖ អ្នកការទូតបារាំង លោក Jean-Pierre Lacroix ដែលបានបម្រើការ ជាអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ ហៅកាត់ UN ទទួលបន្ទុកប្រតិបត្តិការសន្តិភាព បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា
«កុំរំពឹងថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នឹងអាចបញ្ឈប់សង្គ្រាមបាននោះ»។

ក្នុងកិច្ចសម្ភាសផ្តាច់មុខ ជាមួយទីភ្នាក់ងារព័ត៌មាន AFP លោក Jean-Pierre Lacroix បានលើកឡើងថា ពិភពលោកមិនអាចចាត់ទុក «កងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ» ជាមធ្យោបាយ នៃការបញ្ឈប់សង្រ្គាមនោះឡើយ មិនថាសង្គ្រាម នៅក្នុងតំបន់ហ្គាហ្សា ឬ នៅតំបន់ដែលមានជម្លោះខ្លាំងក្លា ផ្សេងៗទៀត។

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ រូបនេះ បានលើកឡើងអំពី «ដែនកំណត់» របស់ក្រុមមួកខៀវ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព លើពិភពលោក។

លោក Jean-Pierre Lacroix បានលើកឡើង ជាឧទាហរណ៍អំពី «បេសកកម្មរបស់ UN នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកំពុងត្រូវបានកាន់កាប់ គឺជា «សម្មតិកម្មច្បាស់លាស់មួយ»។

ជុំវិញបញ្ហាប៉ាឡេស្ទីន នៅហ្គាហ្សា សម្ព័ន្ធអារ៉ាប់ ថ្មីៗនេះ បានអំពាវនាវឲ្យមានការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់ខាងលិច ដែលកាន់កាប់ដោយអ៊ីស្រាអែល រហូតដល់ដំណោះស្រាយរដ្ឋពីរ អាចចរចាបាន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner