ស្តេចបារ៉ែន ៖ លោក ពូទីន មានគោលនយោបាយដ៏ឈ្លាសវៃ

មូស្គូ ៖ ស្តេចប្រទេសបារ៉ែន ព្រះអង្គម្ចាស់ Hamad bin Isa Al Khalifa ក្នុងពេលយាងទៅដល់ទីក្រុងមូស្គូ ដើម្បីបំពេញព្រះរាជទស្សនកិច្ចការងារ រយៈពេលពីរថ្ងៃ នៅរុស្ស៊ី បានមានព្រះបន្ទូលកោតសរសើរ ប្រធានាធិបតី ពូទីន ថា មានគោលនយោបាយ ដ៏ឈ្លាសវៃ។

ក្នុងពេលជួបលោក ពូទីន នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ស្តេចបារ៉ែន បានទទួលស្គាល់ពីតួនាទី របស់រុស្ស៊ី ក្នុងការដោះស្រាយ ដោយយុត្តិធម៌ ចំពោះបញ្ហា នៅអារ៉ាប់។ ព្រះអង្គម្ចាស់ ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានសម្ព័ន្ធអារ៉ាប់ផងដែរនោះ បានមានព្រះបន្ទូលថា បារ៉ែន មានបំណងរៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស។ ព្រះអង្គម្ចាស់ Hamad បានប្រកាសថា រុស្ស៊ីនឹងក្លាយជាប្រទេសដំបូង ដែលធ្វើឲ្យទ្រង់នឹងងាកទៅរកការគាំទ្រលើ គំនិតផ្តួចផ្តើមនេះ ពីព្រោះរុស្ស៊ី ដើរតួយ៉ាងសំខាន់ និងមានសិទ្ធិអំណាចដ៏អស្ចារ្យ នៅទូទាំងពិភពលោក ។

បន្ទាប់ពីការសន្ទនា រយៈពេលពីរម៉ោង លោក ពូទីន និងព្រះមហាក្សត្របារ៉ែន បានចុះហត្ថលេខាលើឯកសារទាក់ទងនឹងកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មឱសថ និងវេជ្ជសាស្ត្រ, ការដឹកជញ្ជូន, ការផ្លាស់ប្តូរវប្បធម៌ និងបរិស្ថាន នេះបើយោងតាមវិមានក្រឹមឡាំង។

លោក Putin បាននិយាយថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងបារ៉ែន គឺស្ថិតក្នុងដំណាក់កាលដំបូង ប៉ុន្តែ មានភាពវិជ្ជមាន។

ភាគីទាំងពីរក៏បានលើកឡើងពីបញ្ហាភូមិសាស្ត្រនយោបាយ និង ស្ថានភាពក្នុងតំបន់ និងពិភពលោកផងដែរ៕ ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner