អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម” សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធពិធីប្រគល់ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារចុះឈ្មោះ និងបន្ទប់រង់ចាំបរិច្ចាគឈាម” ដែលជាគម្រោងឧបត្ថម្ភគាំទ្ររបស់មូលនិធិ២៥រៀល ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលបានសម្ពោធដាក់ឱ្យប្រើប្រាសនេះ គឺជាគម្រោងជំនួយឧបត្ថម្ភរបស់មូលនិធិ២៥រៀលរបស់វីតាល់ ក្នុងការជួយសម្រួលដល់ការចង្អៀតណែននៃកន្លែងចុះឈ្មោះ និងបន្ទប់រងចាំចាស់ របស់មជ្ឍមណ្ឌល ដោយប្តូរមកជាបន្ទប់ដាច់ដោយឡែត ប្រកបដោយផាសុខភាព និងចូលរួមកាត់បន្ថយការកក់ស្ទះ នៃការរងចាំ បានកាន់តែប្រសើរឡើងមួយកម្រិតទៀតជូនដល់សប្បុរសជនដែលអញ្ជើញមកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ការចូលរួមរបស់ឧបត្ថម្ភគាំទ្ររបស់មូលនិធិ២៥រៀល វីតាល់ នេះពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការចង់បាននូវបន្ទប់ដាច់ដោយឡែកសម្រាប់ការរងចាំ និងកន្លែងចុះឈ្មោះរបស់ សប្បុរសជនដែលអញ្ជើញមកបរិច្ចាគឈាម អគារនេះពិតជាជួយសម្រួលបានច្រើនដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មជ្ឈមណ្ឌល ក្នុងការទទួលស្វាគមន៍អ្នកអញ្ជើញមកបរិច្ចាគឈាម បានទូលាយជាងមុន មានផាសុខភាព និងដាច់ដោយឡែកទៅនឹងកន្លែងបរិច្ចាគឈាមតែម្តង ។

បន្ថែមពីនេះលោកប្រធាន ក៏បានថ្លែងអំណរគុណដល់ វីតាល់ ដែលបានបន្តចូលរួមគាំទ្រ និងបំពេញបន្ថែមជានិច្ចនូវរាល់ តម្រូវការចាំបាច់ និងការស្នើសុំរបស់មជ្ឍមណ្ឌលជាតិផ្តល់ឈាមប្រមាណជាង១០ឆ្នាំរួចមកហើយ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ដោយមើលឃើញពីភាពចាំបាច់ ក្នុងការឆ្លើយតបទៅនឹងចំនួនកើនឡើងនៃអ្នកបរិច្ចាគឈាមផ្ទាល់ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម វីតាល់ និងមូលនិធិ២៥រៀល បានឯកភាពជាមួយសំណើរ របស់មជ្ឈមណ្ឌល ក្នុងការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ដល់ការរៀបចំអគារចុះឈ្មោះ និងបន្ទប់រង់ចាំដ៏ថ្មីស្រឡាង ជាមួយបរិក្ខារប្រើប្រាស់ជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្មរបស់មជ្ឈមណ្ឌលកាន់តែល្អប្រសើរ ជាមួយក្តីសង្ឍឹមជឿជាក់ថា អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នេះនឹងទទួលស្វាគមន៍យ៉ាងកក់ក្ដៅប្រកបដោយផាសុកភាពដល់អ្នកបរិច្ចាគឈាម និងចូលរួមកាត់បន្ថយការកក់ស្ទះ នៃការរងចាំ បានកាន់តែប្រសើរឡើងមួយកម្រិតទៀត ។

ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការឧបត្ថម្ភគាំទ្ររបស់មូលនិធិ២៥រៀល វីតាល់ ក្នុងការចូលរួមរៀបចំ អគារចុះឈ្មោះ និងកន្លែងរង់ចាំថ្មីមួយសម្រាប់ជាប្រយោជន៍ ដល់សាធារណៈជនដែលអញ្ជើញមកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលនេះជាកាយវិការ និងគម្រូដ៏ល្អ ដែលវីតាល់ ជាវិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការពង្រឹងនូវគុណភាពសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានអំពាវនាវដល់សាធារណៈជន ក្រុមហ៊ុន សហគ្រាស ស្ថាប័នរដ្ឋ និងឯកជន សូមបន្តចូលរួមរៀបចំកម្មវិធីផ្ដល់ឈាមនៅតាមទីតាំងរបស់ខ្លួន ឬ អញ្ជើញមកទីនេះឱ្យបានយ៉ាងតិចម្តងដើម្បីទាំងអស់ជាចំណែកនៃការចូលរួមបំពេញបន្ថែមនូវសន្និធិឈាមសុវត្ថិភាព សម្រាប់ផ្តល់ជូនមន្ទីរពេទ្យក្នុងការសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

គួរបញ្ជាក់ថា សមទ្ធិផល អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបន្ទប់ទាំងមូលបានរៀបចំឡើងដោយបំពាក់នូវបរិក្ខារទំនើប ម៉ាស៊ីនត្រជាក់ គ្រឿងសង្ហារឹម ផ្ទាំងការពារកម្តៅ ផ្ទាំងគំនូរ និងបដាផ្ដល់ព័ត៌មាននានា ប្រកបដោយសោភ័ណភាពជាមួយខ្លឹមសារអប់រំ អនុលោមតាមខ្លឹមសាររបស់ក្រសួងសុខាភិបាល នេះត្រូវបានរៀបចំឡើងដោយប្រើប្រាស់នូវកញ្ចប់ថវិការបស់មូលនិធិ២៥រៀល វីតាល់ ដែលជាការបរិច្ចាគកើតចេញពីទឹកចិត្តរបស់អ្នកប្រើប្រាស់វីតាល់ ដោយគ្រប់ដបៗ នៃទឹកពិសាវីតាល់ អតិថិជនអ្នកប្រើប្រាស់បានបរិច្ចាគប្រាក់ចំនួន២៥រៀល ចូលក្នុងមូលនិធិ ដោយថវិកាទាំងអស់នោះត្រូវបានយកមកប្រើប្រាស់សម្រាប់ការរៀបចំសកម្មភាព សង្គមនានារួមទាំងសកម្មភាពថ្ងៃនេះផងដែរ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner