អង្គការសុខភាពពិភពលោកព្រមានថា ក្មេងជំទង់នៅអឺរ៉ុបប្រឈមជំងឺមហារីក និងទឹកនោមផ្អែម

កូប៉ិនហាក់៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ក្មេងជំទង់មកពីគ្រួសារមានជីវភាពខ្សត់ខ្សោយនៅអឺរ៉ុប អាចប្រឈមមុខនឹងជំងឺធាត់ ភាពអសកម្ម និងរបបអាហារមិនល្អ ដែលជាកត្តាហានិភ័យកើតជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា របាយការណ៍ថ្មីមួយបានបង្ហាញពី “ភាពខុសគ្នាគួរឱ្យព្រួយបារម្ភ” ពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់មនុស្សវ័យក្មេងនៅទូទាំងទ្វីបអឺរ៉ុប ជាពិសេសក្មេងជំទង់មកពីគ្រួសារមានប្រាក់ចំណូលទាប។ ការសិក្សាអំពីអាកប្បកិរិយាសុខភាពចំពោះកុមារវ័យសិក្សា (HBSC) ដោយផ្អែកលើទិន្នន័យពីប្រទេសចំនួន៤៤នៅអឺរ៉ុប បានបង្ហាញថា ក្មេងជំទង់ម្នាក់ក្នុងចំណោមក្មេងជំទង់ ៤នាក់បានរាយការណ៍ពីការទទួលទានជាតិផ្អែម ឬសូកូឡាជាប្រចាំថ្ងៃ។

អង្គការ WHO បានបញ្ជាក់ថា ក្មេងជំទង់ប្រហែល ២៧ភាគរយមកពីគ្រួសារមានប្រាក់ចំណូលទាប ភាគច្រើនកើតជំងឺធាត់ ហើយ១៨ភាគរយទៀតមកពីគ្រួសារមានទ្រព្យសម្បត្តិ។
នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បាននិយាយថា កុមារមកពីគ្រួសារមានប្រាក់ចំណូលទាប ទំនងជាជួបប្រទះនឹងលទ្ធផលសុខភាពមិនល្អ ដែលអាចរារាំងដល់ការទទួលបានការអប់រំ លទ្ធភាពការងារ និងគុណភាពជីវិតទាំងមូល។

ប្រការនេះធ្វើឱ្យវិសមភាពសង្គមបន្តកើតមាន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ អង្គការ WHO បានអំពាវនាវឱ្យមានគោលនយោបាយបន្ថែមទៀត ដែលផ្តោតលើវិសមភាពសង្គម និង ណែនាំការទទួលទានរបបអាហារដែលមានសុខភាពល្អ ក៏ដូចជារឹតបន្តឹងការចែកចាយអាហារដែលប៉ះពាល់ដល់សុខភាពកុមារ។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយ ដោយទស្សនាវដ្តីវេជ្ជសាស្រ្ត Lancet បានរកឃើញថា សព្វថ្ងៃនេះ មនុស្សសរុបច្រើនជាង ១ពាន់លាននាក់ហើយ នៅជុំវិញពិភពលោក ដែលកំពុងកើតជំងឺធាត់ជ្រុល ឬ obesity ដោយតួលេខនេះ បានកើនឡើង៤ដង បើធៀបទៅនឹងកាលពីឆ្នាំ១៩៩០។ ក្នុងនោះកុមារ និងក្មេងវ័យជំទង់ប្រមាណ ១៥៩លាននាក់ ក៏បានស្ថិតក្នុងស្ថានភាពធាត់ជ្រុលផងដែរ ដែលកើនពីចំនួនត្រឹម ៣១លាននាក់ គិតចាប់តាំងពីឆ្នាំ១៩៩០៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner