អ្នកនាំពាក្យ គ.ជ.ប៖ ការវាយតម្លៃបឋមរយៈពេល៨ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ បានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គឺចាប់ពីថ្ងៃទី១៧-២៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះគណបក្សនយោបាយទាំង៥ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា សម្រាប់ការវាយតម្លៃបឋមការការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ សវត្ថិភាពល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពគួរឲ្យកត់សម្គាល់នោះទេ។ គណបក្សដែលើធ្វើសកម្មភាពឃោសនាច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជា។

បើតាម គ.ជ.ប បានបង្ហាញថា ក្នុងរយៈពេល ៨ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។ យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គិតត្រឹមម៉ោងពីររសៀលថ្ងៃនេះ យើងអាចធ្វើការបូកសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជារួមបានដូចខាងក្រោម៖
គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗនិងតាមលទ្ធភាពរៀងៗខ្លួន ជាអាទិ៍ ការហែក្បួនឃោសនា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងតាមឃុំ សង្កាត់ ការចែកខិត្តបណ្ណ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់ចល័តតាមភូមិជាដើម។ ដោយបានយល់ច្បាស់នូវភារកិច្ចរបស់ខ្លួន មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេស គធ.ខប បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្នុងការសម្របសម្រួលជាមួយគ្រប់គណបក្សនយោបាយ ដោយឈរលើគោលការណ៍ស្មើភាព អព្យាក្រឹត ឥតលម្អៀង ដើម្បីរៀបចំ ចាត់ចែង និងបែងចែកពេលវេលា និងទីតាំងសម្រាប់គណបក្សទាំងអស់ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត តាមមណ្ឌលនីមួយៗ ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។

លើសពីនេះ យើងបានសង្កេតឃើញថា ជាទូទៅ គ្រប់គណបក្សនយោបាយបានជូនដំណឹងជាប្រចាំមក គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគាត់ត្រូវធ្វើសកម្មភាពឃោសនា។ ដោយឡែក អាជ្ញាធរមូលដ្ឋាន ក៏បានខិតខំជួយសម្របសម្រួលដល់ការធ្វើសកម្មភាពឃោសនា ដូចជា ការការពារទីតាំង ការរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបានជួយសម្រួលចរាចរណ៍តាមដងផ្លូវនៅពេលមានការហែក្បួនឃោសនាជាដើម។

ជារួម ផ្អែកតាមរបាយការណ៍ដូចជម្រាបជូនខាងលើ អាចសន្និដ្ឋានបានថា ក្នុងរយៈពេល ៨ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នា មានកិច្ចសហការល្អប្រសើរពីបណ្តាភាគីពាក់ព័ន្ធនានា ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានី ខេត្តនីមួយៗ៕
ដោយ៖ពលជ័យ

ads banner