អភិបាលរងខេត្តកណ្តាល ជំរុញលើកទឹកចិត្តក្រុមមិនទទួលបានជ័យលាភីត្រូវបង្កើនការហ្វឹកហាត់ដើម្បីដណ្ដើមយកជ័យជម្នះនៅឆ្នាំក្រោយៗទៀត

អត្ថបទដោយ៖
ជាវ ចន្ធូ

(កណ្តាល)៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ដែលបានដំណើរការប្រកួតរយៈពេល៧ថ្ងៃ បានបិទបញ្ចប់ជាផ្លូវការ នារសៀលថ្ងៃទី២៣ នៅកីឡដ្ឋានខេត្តកណ្តាល។

ការប្រកួតនេះ មានកីឡាករកីឡាការិនី មកពីទ្យាល័យនានា តាមបណ្ដាក្រុងស្រុកទាំង១២ ក្នុងខេត្តកណ្ដាល សរុប មានចំនួន៧២៨នាក់ ក្នុងនោះមានស្រី២៩៨នាក់ ដោយប្រកួតលើ ៥ប្រភេទកីឡា មាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង ប៉េតង់ ។

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា ការប្រកួតកីឡាសម្រាប់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣- ២០២៤ នាពេល នេះ គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ កីឡាការិនី ដែល ឆ្នើម នឹងមានទេពកោសល្យល្អមកប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាជាតិនាពេល ខាងមុខ។

តាមការប្រកួតដំណើរអស់ពេល៧ថ្ងៃមកនេះ យើងឃើញថាវិស័យកីឡា របស់ខេត្តកណ្ដាល មានការរីកចម្រើនគួរឱ្យកត់ សម្គាល់ នេះគឺជាការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកប្រធានការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក និងលោក លោកស្រីគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា ក្នុង ខេត្តទាំងអស់ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។

យើងទាំងអស់គ្នាបានដឹងហើយថា កីឡាជាសកម្មភាពដែលផ្តល់មកនូវសុខភាពល្អ រាងកាយមាំ មួន ព្រមទាំងបញ្ញាស្មារតីឈ្លាសវៃ ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាបញ្ចកោណទាំងប្រាំ ដែលមាន៖ ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការ ប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន ចីរភាព និងបរិ យាបន្ន, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្នុងនោះរដ្ឋាភិបាល បានសង្កត់ធ្ងន់ អាទិភាពគន្លឹះចំនួន៥ សម្រាប់ធ្វើកំណែទម្រង់គឺ ទី១កំណែទម្រង់វិស័យអប់រំ, ទី២ការពង្រឹងវិស័យសុខាភិបាល, ទី៣កំណ ទម្រង់វិស័យមុខងារសាធារណៈ, ទី៤ប្រយុទ្ធប្រឆាំងគ្រឿងញៀន, ទី៥កំណែទម្រង់លើប្រព័ន្ធច្បាប់ និង ប្រព័ន្ធតុលាការ។

ទន្ទឹមនេះ វិស័យកីឡា ក៏បានចូលរួមយ៉ាងសកម្ម ដើម្បីត្រៀមឆ្ពោះទៅការប្រកួតកីឡា នានា ដោយបានរៀបចំការផែនការប្រកួតកីឡាច្រើនប្រភេទ និងបានផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំកាយ និងកីឡា ដែលមានខ្លឹមសារ ” យុវជនម្នាក់ មានជំនាញកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត “ ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្ត”ស្តង់ដាសាលារៀនគំរូ” ផងដែរ។

បើយើងឆ្លុះបញ្ជាំងមកការប្រកួតរបស់យើងវិញ ឃើញថាក្មួយៗកីឡាករ កីឡាការិនីទាំងអស់ យកស្មារតីសាមគ្គីភាព មកអនុវត្តក្នុងការប្រកួតនេះបានល្អប្រសើរ ទាំងសាមគ្គីភាពក្នុងក្រុម និងរវាង ក្រុម មួយទៅ ក្រុមមួយទៀតធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។

ចំពោះក្រុមដែល មិនបានទទួលជ័យជម្នះក្នុងឱកាសនេះពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្តដើម្បីប្រកួត ដណ្ដើមយកជ័យជម្នះនៅឆ្នាំក្រោយៗទៀត ឯក្រុមដែលទទួលបានជ័យជម្នះនាពេលនេះត្រូវស្គាល់ពី ភារកិច្ចរបស់ខ្លួន គឺត្រូវធ្វើជាតំណាងឱ្យក្រុមកីឡាខេត្តកណ្តាល ដើម្បីទៅចូលរួមប្រកួតកីឡាជាតិលើក ទី៤ ឆ្នាំ ២០២៤ នាពេលខាងមុខនេះ។ ដូច្នេះក្មួយៗកីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែង ហ្វឹកហាត់បន្ថែមទៀតដើម្បីយកជ័យជម្នះជូនខេត្តរបស់យើង៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner