កម្ពុជាត្រៀមទទួលសត្វខ្លាធំ ៤ក្បាល ពីឥណ្ឌា (Video Inside)

កម្ពុជាត្រៀមនឹងទទួលយកសត្វខ្លាធំចំនួន ៤ក្បាល ពីប្រទេសឥណ្ឌា បន្ទាប់ពីសត្វប្រភេទនេះបានបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧។

ក្រសួងបរិស្ថានបានថ្លែងថា សត្វខ្លាធំចំនួន ៤ក្បាលពីប្រទេសឥណ្ឌានេះ នឹងត្រូវប្រគល់មកកម្ពុជានៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៤ អាស្រ័យលើកត្តាអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោកជំទាវបណ្ឌិត ទេវយ៉ានី ខូ ប្រាហ្គាដ Devyani Khobragade បានថ្លែងថា ការប្រគល់សត្វខ្លាធំនេះ គឺជំហានទី១ហើយ។ លោកជំទាវឯកអគ្គរដ្ឋទូតបន្តថា «បើគម្រោងទីមួយនេះ ទទួលបានជោគជ័យ ប្រទេសឥណ្ឌា នឹងធ្វើការបង្កើនការផ្ដល់ជូនដល់ ១១ក្បាលបន្ថែមទៀត»។

គម្រោងស្តារសត្វខ្លាធំ ឬខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំនៅកម្ពុជា។

នៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថា ចំនួនសត្វខ្លាធំ នៅសេសសល់ នៅមានប្រមាណ ៣ពាន់ ២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមានក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាលនៅក្នុងពិភពលោកនោះ៕

ads banner