ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន២៩ គណបក្សជួបប្រជុំជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានជួបប្រជុំជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រទី២៤ឧសភា ដែលជាកិច្ចប្រជុំផ្តល់យោបល់រៀងៗខ្លួន ពាក់ព័ន្ធនឹងដំណើរការប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧។
ប្រធានលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ឈឹម ផលវរុណ បានថ្លែងថា កិច្ចប្រជុំប្រចាំឆមាសនៅវិមានសន្តិភាព ដែលចូលរួមពីគណបក្សនយោបាយចំនួន ២៩ ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានផ្តល់នូវទស្សនៈផ្សេងៗពីគ្នា ពាក់ព័ន្ធនឹងការជួយផ្តល់យោបល់ថា តើរាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ នឹងត្រូវធ្វើអ្វីទៀត ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅ របស់រាជរដ្ឋាភិបាលកាន់តែល្អ ក្នុងការបំរើប្រជាជនខ្មែរទូទាំងប្រទេស។
ជំនួបពិភាក្សារវាងសម្តេចធិបតី និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានផ្តោតលើវិស័យជាច្រើនរួមមាន វិស័យអប់រំ, សុខាភិបាល, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍ និងវិស័យជាច្រើនទៀត។
បញ្ហាប្រទាំងប្រទើសមួយចំនួនពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ តាមមូលដ្ឋានភូមិឃុំ ក៏ត្រូវបានលើកឡើង និងការជួយស្វែងរកចំណុច នៃដំណោះស្រាយ ដើម្បីជួយជំរុញដំណើរការរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ កាន់តែមានសន្ទុះល្អទៅមុខថែមទៀត។ ការជជែកគ្នាបានផ្តោតលើសំណង់ព្រែកជីកហ៊្វូណនតេជោផងដែរ។