ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)

បាតុភូតភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានយ៉ាងហោចរយៈពេលបីថ្ងៃខាងមុខនេះទៀត ខណៈឥទ្ធិពលសម្ពាធទាបបានគ្របដណ្តប់មកលើឈូងសមុទ្ទថៃ, មកលើព្រះរាជាណាចក្រកម្ពុជា, មកលើភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្ទចិនខាងត្បូង។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែឧសភា អាចមានភ្លៀងធ្លាក់ដោយលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី រវាង១០ទៅ៣០ភាគរយនៅតំបន់វាលទំនាប។

តំបន់វាលទំនាបរួមមាននៅ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងរាជធានីភ្នំពេញ។

ចំណែកនៅតំបន់ខ្ពង់រាប ដែលរួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរវាងពី១០ទៅ២០ភាគរយ។

ដោយឡែកនៅតំបន់មាត់សមុទ្ទ មានដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប អាចមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរវាងពី១០ទៅ២០ភាគរយ។

ads banner