ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ បង្ហាញច្បាស់ពីតម្លៃនៃសន្តិភាព ស្ថិរភាព នៅកម្ពុជា

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ:នៅថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង៣:០០រសៀលនេះ ព្រះរាជាណាចក្រកម្ពុជាបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បន្ទាប់ពីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលប្រាំបីថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភាបញ្ចប់ទៅដោយរលូនមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់។ជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែង។
ក្នុងដំណើរនៃការអនុវត្តប្រជាធិបតេយ្យ សេរី ពហុបក្ស , កម្ពុជាបានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ជាបន្តបន្ទាប់។ក្នុងនោះទម្រង់នៃការបោះឆ្នោតសកលចំនួនពីរ និងការបោះឆ្នោតអសកលចំនួនពីរ។ការបោះឆ្នោតសកលមាន៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ចំណែកការបោះឆ្នោតអសកលមាន៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលអាណត្តិនៃការបោះឆ្នោតនីមួយៗមានរយៈពេលប្រាំឆ្នាំ។
ក្នុងឆ្នាំ២០២៤នេះដែរ កម្ពុជាបានរៀបចំការបោះឆ្នោតអសកលចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីខែកុម្ភៈកន្លងមកនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ ខែឧសភានេះ។
សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌអាណត្តិទី១បានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩,អាណត្តិទី២នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ និង អាណត្តិទី៣នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
ដោយឡែកសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ឆ្នាំ២០២៤នេះនៅទូទាំងប្រទេសមាន ក្រុង ស្រុក ខណ្ឌចំនួន២០៩ ,ឃុំ សង្កាត់ ១.៦៥២ដោយបែងចែកជា២០៩ការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ និងអង្គបោះឆ្នោតចំនួន១១.៦២២នាក់(ស្ត្រី២.៥៧៤នាក់)ដោយត្រូវជ្រើសរើសតំណាងជាសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ចំនួន ៥៥៦នាក់ និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌចំនួន ៣ ៦៤១នាក់។ 
ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ នេះដែរ មានគណបក្សចំនួនប្រាំចូលរួមប្រកួតប្រជែង ។ក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា ,គណបក្សឆន្ទៈខ្មែរ ,គណបក្សកម្លាំងជាតិ ,គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
សូមជម្រាបថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានតួនាទី ភារកិច្ចនិងសិទ្ធិអំណាចដូចតទៅ៖
ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើតការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញមុខងារភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្មតាមច្បាប់ឬស្របតាមច្បាប់។
ក្រុមប្រឹក្សា មានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ។ក្រុមប្រឹក្សាត្រូវបំពេញមុខងារ និងភារកិច្ចដោយធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន និងត្រូវធានាថាសេចក្តីសម្រេចនោះត្រូវបានអនុវត្ត ។ក្រុមប្រឹក្សាប្រើប្រាស់សិទ្ធិអំណាចបញ្ញត្តិរបស់ខ្លួនដោយការធ្វើដីកា ស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់។
ក្រុមប្រឹក្សានីមួយៗត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយត្រូវបង្កើតជំរុញនិងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ក្រុមប្រឹក្សានីមួយៗក៏មានតួនាទីចាត់ចែងកិច្ចការចាំបាច់នានាដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
ក្រុមប្រឹក្សាមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សា គឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាល ។ឧទាហរ ណ៍ ដូចជាក្រុមប្រឹក្សាខេត្តមានសិទ្ធិស្នើដកអភិបាលខេត្ត ឬអភិបាលរងខេត្តជាដើម។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្រុមប្រឹក្សាត្រូវបំពេញមុខងារ និងភារកិច្ចដោយធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន និងត្រូវធានាថា សេចក្តីសម្រេចនោះត្រូវបានអនុវត្ត។ ក្រុមប្រឹក្សាអាចប្រើប្រាស់សិទ្ធិអំណាចប្រតិបត្តិរបស់ខ្លួន ដោយធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាអាទិភាព ដើម្បីធ្វើសេចក្តីសម្រេចធានាបានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាការពិតណាស់ ! អ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរនាពេលនេះគឺ ការធានាបាននូវកិច្ចការពារយ៉ាងរឹងមាំនូវអធិបតេយ្យ និងបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា លើដែនគោក, ដែនអាកាស, ដែនទឹក, កោះ, ឆ្នេរ, ដែនសមុទ្រ, តំបន់តភ្ជាប់, តំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងខ្ពង់រាបបាតសមុទ្រ។ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវយុទ្ធសាស្ត្រខ្សែព្រំដែន, កសាង និងអភិវឌ្ឍសហគមន៍ប្រជាពលរដ្ឋនៅតាមព្រំដែន និងយកចិត្តទុកដាក់បង្កើត និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រយោធានៅតាមព្រំដែន សំដៅលើកកម្ពស់ការពង្រឹងយុទ្ធសាស្ត្រការពារព្រំដែនយូរអង្វែងដែលជាមូលដ្ឋានមួយ សម្រាប់កិច្ចការពារបូរណភាពទឹកដី និងកសាងព្រំដែនជាតំបន់សន្តិភាព,មិត្តភាព,សហប្រតិបត្តិការ និងការអភិវឌ្ឍព្រមទាំងប្រែក្លាយអតីតសមរភូមិជាតំបន់ផលិតកម្ម, ទីផ្សារ និងទេសចរណ៍។    
  ការថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុត និងស្ថិរភាពនយោបាយឱ្យបានរឹងមាំ។លើកកម្ពស់កិច្ចការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពសុខសាន្តទាំងផ្លូវកាយ ទាំងផ្លូវចិត្ត និងបង្កើតបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ។ការបន្តជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ,កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការកែទម្រង់ក្នុងវិស័យផ្សេងៗទៀតប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព។ការបន្តកសាងឱ្យបានសម្រេចនូវរដ្ឋបាលសាធារណៈស្អាតស្អំ ឆ្លាត និងមានសមត្ថភាពខ្ពស់ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលទៅនឹងតម្រូវការរបស់ប្រជាជន ។
ការបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យមប្រកបដោយបរិយាបន្ន និងការលើកកម្ពស់ជីវភាពប្រជាជន។ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។ ការលើកកម្ពស់សុខុមាលភាពសង្គម, ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងពង្រឹងភាពធន់នៃកម្ពុជា ដែលអាចឆ្លើយតបទៅនឹងគ្រោះអាសន្នដែលអាចនឹងកើតមានជាយថាហេតុ ។ការបន្តលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន។ លើកកម្ពស់កិច្ចការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍របស់កម្មករ និយោជិត និងការកែលម្អលក្ខខណ្ឌការងាររបស់កម្មករ និយោជិត។ការគិតគូរដល់អាជីវករលក់ដូរតាមផ្សារ ជាពិសេសអ្នករកស៊ីលក់ដូរតូចតាច និងអ្នកប្រកបរបររកស៊ីតូចតាចផ្សេងៗទៀតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ការបន្ដកាត់បន្ថយចំណាយនៃការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈយន្តការនៃការរក្សាស្ថិរភាពថ្លៃម្ហូបអាហារ និងកាត់បន្ថយថ្លៃទឹក ភ្លើងសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកដែលរស់នៅទីជនបទជាដើម។
ការបោះឆ្នោតសកល និងអសកលជាទៀងទាត់ មិនត្រឹមតែជាការបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល របស់បក្សនយោបាយនៅកម្ពុជាក្នុងការលើកកម្ពស់សិទ្ធសេរីភាព ប្រជាធិបតេយ្យ សេរីពហុបក្សប៉ុណ្ណោះទេ តែក៏ជាការបង្ហាញឱ្យពិភពលោកទាំងមូលមើលឃើញថា កម្ពុជាមានភាពចាស់ទុំខាងនយោបាយ និងមានស្ថិរភាពរឹងមាំ ដែលជាសមិទ្ធផលនៃសុខសន្តិភាពពេញលេញ៕
ដោយ:មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner