ព្រះសង្ឃ ៥,០០០អង្គ នឹងប្រារព្ធពិធីឧទ្ទិសកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស
ភ្នំពេញ: រាជរដ្ឋាភិបាល ក្រសួងធម្មការ និងគណៈសង្ឃនាយក នៅល្ងាចថ្ងៃទី២៧ ខែឧសភា នឹងរៀបចំមហាព្រឹត្តិការណ៍នៅមុខវត្តឧណ្ណាលោម គឺការបដិបត្តិសមាធិរបស់ព្រះសង្ឃ ៥,០០០អង្គ ដើម្បីឧទ្ទិសកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ហើយសាធារណជនអាចចូលរួមតាមក្ដីជ្រះថ្លា។
សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈគ្រប់គ្រងវត្តឧណ្ណាលោម បានមានបន្ទូលនាល្ងាចថ្ងៃទី២៥ ខែឧសភាថា រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃបូជាថ្វាយព្រះភ្លើងដល់ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះរាជរដ្ឋាភិបាល ក្រសួងធម្មការ និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចរៀបចំមហាព្រឹត្តិការណ៍មួយ គឺការបដិបត្តិសមាធិ ដោយមានព្រះសង្ឃចំនួន ៥,០០០អង្គនិមន្តចូលរួម ហើយព្រះសង្ឃ ពុទ្ធបរិស័ទ និងជនានុជនជិតឆ្ងាយក៏អាចនិមន្ត និងអញ្ជើញចូលរួមតាមសេចក្ដីជ្រះថ្លាដោយពុំមានកំណត់ចំនួន។
ព្រឹត្តិការណ៍ដ៏មហាកុសល និងមហាសាមគ្គីនេះ កិច្ចានុកិច្ចនឹងចាប់ផ្ដើមតាំងពីម៉ោង ៣រសៀល នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នាទីលានមុខវត្តឧណ្ណាលោម ខាងជើងព្រះបរមរាជវាំង ហើយកិច្ចពិសមាធិ នឹងចាប់ផ្ដើមនៅម៉ោង ៥ល្ងាច។
សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានបញ្ជាក់ថា ដោយសារព្រឹត្តិការណ៍នេះ មានព្រះសង្ឃច្រើននិមន្តចូលរួម ហេតុនេះគណៈកម្មការរៀបចំអាសនៈ ពោលគឺកន្លែងគង់ធ្វើសមាធិ សម្រាប់តែព្រះសង្ឃ ៥,០០០អង្គ ប៉ុណ្ណោះ ចំណែកព្រះសង្ឃ ពុទ្ធបរិស័ទ និងជនានុជនជិតឆ្ងាយ ដែលនឹងនិមន្តអញ្ជើញចូលរួមក្នុងពិធីសមាធិនោះ សូមមេត្តានាំគ្រឿងសម្រាប់គង់ ឬអង្គុយ ដូចជាកម្រាលជាដើមដោយអង្គ និងខ្លួនឯង ហើយក្រុមការងារនឹងរៀបចំទីតាំងសម្រាប់ប្រគេន និងជូនដោយសមគួរ៕
អត្ថបទ: ឈឹម ទីណា