អ្នកសង្កេតការណ៍ និងអង្គបោះឆ្នោត ៖ ការបោះឆ្នោតប្រកបដោយភាពចាស់ទុំ ក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ៖ ក្រុមអ្នកសង្កេតការ និងក្រុមអ្នកបោះឆ្នោតបានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ឬហៅថា”ក្រុមប្រឹក្សា”អាណត្តិទី៤ ឆ្នាំ ២០២៤ ដែលប្រព្រឹត្តិទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤នេះថាក៏ជាផ្នែកមួយទៀតបង្ហាញពីភាពចាស់ទុំក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ។
លោក ឯម សុផល អ្នកសង្កេតការណ៍ មកពីសមាគមន៍រាជសីបានធ្វើការវាយតម្លៃថា៖តាមការអង្កេតតាមដានតាំងតែពីដំណើរការរៀបចំបោះឆ្នោត ការឃោសនារកសម្លេង និងថ្ងៃបោះឆ្នោតនេះឃើញថាមានសភាពមួយល្អប្រសើរ និងអាចទទួលយកបានគួរឱ្យកោតសរសើរ។ទាំងអស់នេះវាបានបង្ហាញពីភាពចាស់ទុំក្នុងការដំណើរការបោះឆ្នោតនាកន្លងមក ក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកបានលើកឡើងថា ប្រទេសកម្ពុជាបានឈានចូលដល់ដំណាក់កាលមួយ នៃដំណើរការប្រជាធិបតេយ្យ ដែលមានភាពចាស់ទុំ សម្រាប់គណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយមានភាពត្រឹមត្រូវ សេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ និងពុំមានការបំភិតបំភ័យអ្វីនោះឡើយ ។
ឯកឧត្តម ឡី សុភាព អ្នកសង្កេតការណ៍ជាតិមួយរូបបានលើកឡើងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤នេះព្រឹត្តិទៅល្អ មានសេរីភាព ត្រឹមត្រូវយុត្តិធម៌ និងទទួលយកបាន។ជាមួយគ្នានេះការបោះឆ្នោតដែលរៀបចំឡើងដោយ គ ជ បនេះដែរឃើញថាមាលក្ខណៈប្រជាធិបតេយ្យ ដែលទាំងនេះបង្ហាញក៏ដូចជាបញ្ជាក់ពីភាពចាស់ទុំនៃការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកស្រី អ៊ឹម ប៊ុនរ៉េន អង្គអ្នកបោះឆ្នោតមួយរូបមកពីសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ បានឱ្យដឹងថាបើគិតពីភាពចាស់ទុំក្នុងរឿងការរៀបចំបោះឆ្នោតរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគ ជ បឃើញថា មានភាពល្អប្រសើរនិងទទួលយកបានគ្រប់អាណត្តិ។ដូចជាក្នុងការបោះឆ្នោតលើកនេះក៏បានបង្ហាញពីល្អប្រសើរដែរដែលអ្នកស្រីក្នុងនាមជាអង្គបោះឆ្នោតម្នាក់អាចទទួលយកបានផងដែរ។
លោក អ៊ូ ថៃ ជាអង្គបោះឆ្នោតមួយរូបទៀតមកពីសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថា៖ការបោះឆ្នោតដែលរៀបចំ របស់គ.ជ.ប បានប្រព្រឹត្តិទៅត្រឹមត្រូវ សេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ ហើយលោកចាត់ទុកថាគឺជាចំណុចមួយសំខាន់ដោយសារប្រទេសកម្ពុជាបានឈានចូលដល់ ដំណាក់ កាលមួយនៃដំណើរការប្រជាធិប តេយ្យ ដែលមានភាពចាស់ទុំគួរសមហើយដែរ ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រឹមប្រឹក្សាអាណត្តិទី៤នេះក្នុងការដំណើរការដំបូងមកមិនមានអ្វីចោទជាបញ្ហានោះទេ ពោលគឺបានប្រព្រឹត្តិទៅរលូនល្អពុំឃើញមានអ្វីចោទជាបញ្ហានោះទេ។ដោយឡែកការរក្សាសណ្តាប់ធ្នាប់សាធារណៈអាជ្ញាធរមូលដ្ឋានក៏រក្សាសណ្តាប់ធ្នាប់សន្តិសុខប្រព្រឹត្តិទៅបានល្អប្រសើរដូចគ្នា ។
សូមរំលឹកដែរថា ៖ ដើម្បីបោះឆ្នោតបាន អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង ត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការនៃការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវបោះឆ្នោត ដោយនាំយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬបណ្ណសម្គាល់ខ្លួន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ អ្នកបោះឆ្នោតមានចំនួនសរុប ១១.៦២២ រូប ក្នុងនោះស្ត្រី សរុប ចំនួន ២.៥៧៤ រូប ត្រូវទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតក្នុងក្របខណ្ឌក្រុង ស្រុក ខណ្ឌរៀងៗខ្លួន ហើយអ្នកបោះឆ្នោតទាំងនោះ ត្រូវបោះឆ្នោត ២ដង ដោយឡែកពីគ្នា ដើម្បីជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ៕
ដោយ ៖ ម៉ាដេប៉ូ