លោក Elon Musk ៖ AI នឹងយកការងារមនុស្ស ទាំងអស់
បរទេស៖ លោក Elon Musk មហាសេដ្ឋីពិភពលោក បាននិយាយថា បញ្ញាសិប្បនិម្មិត ឬ AI នឹងទទួលយកការងារទាំងអស់ របស់មនុស្ស ប៉ុន្តែ អ្នកជំនាញអះអាងថា មានការងារជាច្រើន ដែល AI មិនអាចជំនួសមនុស្សបានទេ។
អំឡុងពេលចូលរួម តាមរយៈ webcam ក្នុងសន្និសីទបច្ចេកវិទ្យា VivaTech 2024 នៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ម្ចាស់ក្រុមហ៊ុន SpaceX និងTesla លោក Elon Musk និយាយថា «ប្រហែលជាគ្មាននរណាម្នាក់ ក្នុងចំណោមពួកយើង នឹងមានការងារធ្វើនោះទេ» ។
លោក Musk បាននិយាយទៀតថា « ប្រសិនបើអ្នកចង់ធ្វើការងារ តាមចំណង់ចំណូលចិត្ត អ្នកអាចធ្វើការងារបាន ប៉ុន្តែ បើមិនដូច្នេះទេ ទៅថ្ងៃអនាគត បញ្ញាសិប្បនិម្មិត ឬ AI ព្រមទាំង មនុស្សយន្ត នឹងផ្តល់ទំនិញ និងសេវាកម្មណាមួយ ដែលអ្នកចង់បាន»។
ជាការកត់សម្គាល់ សមត្ថភាពបញ្ញាសិប្បនិម្មិត ឬ AI បានកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ យ៉ាងណាមិញ ក្រុមនិយតករ, ក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅតែប្រឹងប្រែង ស្វែងរកវិធីប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយការទទួលខុសត្រូវ។ ក្តីបារម្ភក៏នៅតែបន្តកើនឡើង ចំពោះរបៀបដែលឧស្សាហកម្ម និងការងារផ្សេងៗផ្លាស់ប្តូរលឿន នៅពេលដែល AI កាន់តែរីកសាយ នៅលើទីផ្សារការងារ។
ជាមួយគ្នានេះ អ្នកជំនាញជឿជាក់យ៉ាងទូលំទូលាយថា សម្រាប់ប្រភេទការងារជាច្រើន ដែលត្រូវការភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ខ្ពស់ និងអន្តរកម្មរបស់មនុស្ស បញ្ញាសិប្បនិម្មិត ឬ AI នឹងមិនអាចជំនួសទេ ដូចជា អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត, អ្នកច្នៃប្រឌិត និងគ្រូបង្រៀនជាដើម៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត