អង្គបោះឆ្នោត នៅខេត្តបន្ទាយមានជ័យនិយាយពីការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤
បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ចាប់ពីម៉ោង ៧ព្រឹកនៅខេត្តបន្ទាយមានជ័យ បានដំណើរការ បោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។
លោក យ៉ង់ សាក់ ប្រធានគណៈកម្មការរៀបចំការ បោះឆ្នោត ខេត្ត បន្ទាយមានជ័យបានប្រាប់ថា ការបោះ ឆ្នោតបានប្រព្រឹត្ត ទៅ ដោយរលូននិងមិនមានបញ្ហាអ្វី ខុសប្រតីនោះទេ។អង្គ បោះឆ្នោតទាំងអស់គោរពបាននូវការ ណែនាំ របស់ គ.ជ.ប ។
នៅខេត្តបន្ទាយមានជ័យមានអង្គបោះឆ្នោតសរុបមាន ៥៣៣ នាក់ និងមានបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ចំនួន២៥នាក់ និងបេក្ខជនបម្រុងមាន២៥នាក់។មាន ការិយាល័យបោះឆ្នោតចំនួនប្រាំបួនការិយាល័យ ទូទាំងប្រាំ បួនក្រុងស្រុក។
លោក ង៉ិន សិទ្ធី ដែលជាអង្គបោះឆ្នោតមួយរូបបានបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ បង្ហាញច្បាស់ពីតម្លៃនៃ សន្តិភាព ស្ថិរភាព នយោបាយ។អង្គបោះឆ្នោតរូប នេះក៏បាន សំណូមពរ ដល់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលទទួលបានការគាំទ្រពីអង្គបោះឆ្នោត ហើយ នោះ បន្តការយកចិត្តទុក្ខដាក់ ដោះស្រាយទុក្ខលំបាក របស់ ប្រជាពលរដ្ឋ និង ផ្ដល់ឱកាសដល់ស្ត្រីក្នុងការដឹកនាំ ផង ដែរ។
ចំណែកលោក វរសេនីយ៍ទោ រឿន សាយកន អធិការ រង ដឹកនាំការងារសន្តិសុខនៅការិយាល័យ បោះឆ្នោត ស្រុក ស្វាយចេក បាន ឱ្យដឹងថា ដំណើរការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាបានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងធានាបាននូវការបោះ ឆ្នោត ដោយសេរីនិងយុត្តិធម៌ ។
ដូចគ្នានេះដែរ អ្នកសង្កេតការណ៍បោះឆ្នោតមកពី អង្គការ សង្គមស៊ីវិលនិង គណបក្សបានកត់សម្គាល់ ពីដំណើរ ការ បោះឆ្នោត ប្រកប ដោយ ភាពត្រឹមត្រូវ និងមានក្រមសីលធម៌ ខ្ពស់ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន