វៀតណាមជាគោលដៅទាក់ទាញភ្ញៀវទេសចរអឺរ៉ុបបំផុតទីបីរបស់អាស៊ី

ហាណូយ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Agoda បានឱ្យដឹងថ្មីៗនេះថា វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ បន្ទាប់ពីម៉ាឡេស៊ី និងជប៉ុន នៅក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ី ដែលទាក់ទាញភ្ញៀវទេសចរអឺរ៉ុបជាងគេទីបី ដោយផ្អែកលើទិន្នន័យនៃការស្វែងរកកន្លែងស្នាក់នៅ។

ក្នុងខែមេសា ឆ្នាំ២០២៤ ម៉ាឡេស៊ីបានចាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានចំនួនមនុស្សស្វែងរកទៅទស្សនាកើនឡើង ៨៩ភាគរយ។ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី២ មានអត្រាកំណើន ៧១ភាគរយ បើធៀបនឹងឆ្នាំមុន។ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី៣ មានការកើនឡើង ៦៦ភាគរយ។

លោក Vu Ngoc Lam នាយកប្រចាំប្រទេសវៀតណាមនៃក្រុមហ៊ុន Agoda បានឱ្យដឹងថា ការកើនឡើងនៃការស្វែងយល់អំពីទេសចរណ៍វៀតណាមនៅឆ្នាំ២០២៤ បង្ហាញពីការកើនឡើងការទាក់ទាញរបស់វៀតណាម ចំពោះភ្ញៀវទេសចរអឺរ៉ុប។

ជាពិសេស ភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើនកំពុងជ្រើសរើសប្រទេសវៀតណាម ជាគោលដៅវិស្សមកាលរដូវក្តៅរបស់ពួកគេ។ ប្រទេសមួយចំនួននៅអឺរ៉ុប ដែលមានចំនួនអ្នកស្វែងយល់អំពីទេសចរណ៍វៀតណាមច្រើនជាងគេក្នុងខែមេសា រួមមានប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងអេស្ប៉ាញ។

ក្នុងនោះ គោលដៅទេសចរណ៍ទាំងបីនៅប្រទេសវៀតណាម ដែលភ្ញៀវទេសចរអឺរ៉ុបស្វែងរកច្រើនជាងគេ គឺទីក្រុងហូជីមិញ ទីក្រុងហួយអាន និងទីក្រុងញ៉ាត្រាង។ គោលដៅទេសចរណ៍ទាំងបីនេះ ក៏ជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរដែលចង់មានវិស្សមកាលរដូវក្តៅក្នុងរយៈពេលវែងនៅក្នុងប្រទេសវៀតណាមផងដែរ។

វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរណ៍សរុបចំនួន ១៩៣,៨៣១នាក់មកពីអឺរ៉ុបកាលពីខែមេសា កើនឡើង ១៤១.៣ភាគរយ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលជាតិទេសចរណ៍វៀតណាម៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner