ក្រសួងបរិស្ថាន និងយុវជនសង្គមស៊ីវិលរួមគ្នាជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនៅថ្ងៃទី១០-១៦កក្កដា

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញស្ដីពីព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដែលរៀបចំដោយក្រសួងបរិស្ថាន នៅថ្ងៃទី១០ដល់ថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន ដល់យុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ ដើម្បីសហការចូលរួមជំរុញការផ្សព្វផ្សាយ និងកិច្ចសហការនានា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងពីសារៈសំខាន់នៃគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់ក្រសួងបរិស្ថាន គឺយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងស្របទៅតាមយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ ឯកឧត្តមថ្លែងថា យុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ឈរលើអាទិភាពចម្បង៣ គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅកម្ពុជា។

បន្ទាប់ពីបានធ្វើបទបង្ហាញពីគោលនយោបាយ និងយុទ្ធសាស្រ្ដសំខាន់ៗរបស់ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងប្រាប់ទៅកាន់ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធអំពីព្រឹត្តិការណ៍ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដែលក្រសួងនឹងរៀបចំឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន តាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើនេះ ធ្វើឡើងក្រោមមូលបទ «ពន្លកបៃតង» ដោយមានការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃផងដែរ។

ក្នុងឱកាសនេះឯកឧត្តមក៏ស្នើឱ្យមានការចូលរួមពីក្រុមយុវជនសង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយនានា ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ពិព័រណ៍នេះឱ្យបានទំលំទូលាយ ដើម្បីប្រជាពលរដ្ឋបានជ្រាបជាព័ត៌មាន និងចូលរួមកុះករនាឱកាសពិព័រណ៌នេះ។

ជាការឆ្លើយតបលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញក្ដីរីករាយ និងប្ដេជ្ញារួមជាមួយក្រុមយុវជននានាចូលរួមផ្សព្វផ្សាយ និងធ្វើសកម្មភាពនានាជាមួយវិស័យបរិស្ថាន ជាពិសេសក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនៅខែកក្កដាខាងមុខនេះ។

សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនៅថ្ងៃទី១០-១៦កក្កដាខាងមុខនេះ គឺជាការឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺ ស្អាត បៃតង និងចីរភាព៕
ដោយ៖ពលជ័យ

ads banner