សារព័ត៌មានចិនស៊ីនហួរ៖ កម្ពុជាដំណើរការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ឌឹម សុវណ្ណារុំ បាននិយាយថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ បានចាប់ផ្តើមហើយនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង។
ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់សារព័ត៌មានចិនស៊ីនហួថា ការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ការិយាល័យនៅទូទាំងប្រទេស បានបើកនៅម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយនឹងត្រូវបិទនៅម៉ោង ៣៖០០នាទី រសៀលថ្ងៃដដែល។ ឯកឧត្តម សុវណ្ណារុំ បន្តថា ការបោះឆ្នោតអសកលនេះ នឹងត្រូវបោះឆ្នោតដោយមេឃុំ និងសមាជិកក្រុមប្រឹក្សាចំនួន ១១.៦២២រូប ក្នុងនោះស្រ្តីសរុបចំនួន ២.៥៧៤រូប។
ឯកឧត្តម សុវណ្ណារុំ បន្ថែមថា ការបោះឆ្នោតនេះបែងចែកជាពីរ និងថា ការបោះឆ្នោតមួយគឺជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ខេត្តចំនួន ៥៥៩រូប និងមួយទៀតគឺជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកចំនួន ៣.៦៤១រូប។ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ថា គណបក្សនយោបាយចំនួន៥ ដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោត រួមមានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ឯកឧត្តម សុវណ្ណារុំ បានបន្ថែមទៀតថា លទ្ធផលបឋមត្រូវបានគេរំពឹងថា នឹងប្រកាសនៅល្ងាចថ្ងៃអាទិត្យនេះ ខណៈដែលលទ្ធផលផ្លូវការនឹងចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនាខាងមុខ។
គួររម្លឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ មានគណបក្សនយោបាយចំនួន៣ចូលរួម គឺណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួមរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងនោះមានសមាជិកក្រុមប្រឹក្សារាជធានី-ខេត្តចំនួន៥៥៩រូប និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌចំនួន ៣,៥៥៥រូប មានអ្នកចុះឈ្មោះបោះឆ្នោតចំនួន ១១,៥៧២រូប និង មានអ្នកបានទៅបោះឆ្នោតចំនួន ១១,៥៦៥រូប ស្មើនឹង ៩៩,៩៤ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ជាលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤,០៣៤អាសនៈ ឬប្រហែល ៩៨ភាគរយ គណបក្សខ្មែររួមរួមជាតិ ទទួលបាន ៤៤អាសនៈ និង គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៣៦អាសនៈ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា