ក្តៅ ភ្លៀងផង! ស្រូវសាលី ស៊ីរី ធ្លាក់ចុះខ្លាំង
ដាម៉ាស៖ ប្រជាកសិករស៊ីរីបានឲ្យដឹងថា ទិន្នផលស្រូវសាលី នៅក្នុងប្រទេសនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ចំពេលដែលមានរលកកម្តៅខ្លាំង ហើយពេលខ្លះ ក៏មានភ្លៀងធ្លាក់ច្រើនដែរ។
នៅចុងសប្តាហ៍នេះ ប្រជាកសិករនៃប្រទេសស៊ីរី កំពុងប្រញាប់ប្រញាល់ ប្រមូលផលដំណាំរបស់ខ្លួន ដើម្បីកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយសារតែបញ្ហាសីតុណ្ហភាពក្តៅខ្លាំង ហើយក៏មានភ្លៀងធ្លាក់ខ្លាំង បោកបក់កាត់ខេត្តដំណាំស្រូវសាលី Al-Hasakah នាភាគឦសាន នៃប្រទេសស៊ីរី។
កសិករស្រូវសាលី លោក Majdal Abdulkarim បានប្រាប់ថា «ទិន្នផលដំណាំ នៅឆ្នាំនេះបានធ្លាក់ចុះ ៦០% ដែលនាំឱ្យមានការខាតបង់ច្រើន។ លោកប្រាប់បន្ថែមថា ដើមស្រូវសាលីភាគច្រើន មិនសូវល្អ ហើយគ្រាប់ធញ្ញជាតិ ក៏ធ្លាក់ចុះគុណភាព ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ។
មុនពេលជួបសង្គ្រាមស៊ីវិល ស៊ីរី ដែលជាប្រទេសស្ថិតនៅតំបន់អាស៊ីខាងលិច ធ្លាប់ប្រមូលប្រមូលផលស្រូវសាលី ជាមធ្យម ជាង៤លានតោន។ ក៏ប៉ុន្តែ
ដោយសារតែវិបត្តិ ស៊ីរី ដែលធ្លាប់មានស្រូវសាលីគ្រប់គ្រាន់ ពេលនេះ ត្រូវនាំចូលស្រូវសាលី ពីបរទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក សម្រាប់ប្រទេសដែលមានប្រជាជនសរុប ប្រមាណ ២២លាននាក់មួយនេះ។
នាយករដ្ឋមន្ត្រីស៊ីរី លោក Hussein Arnous ធ្លាប់បាននិយាយថា ទិន្នផលស្រូវសាលីរបស់ប្រទេស នៅឆ្នាំ២០២៣ មានប្រមាណ មួយលានតោន នេះបើតាមស៊ីនហួរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត