ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិកលើកទី៣៦
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួង ការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអា ស៊ាន នៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៦ រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តវិស័យអាទិភាពសំខាន់ៗ និងបានដាក់ចេញនូវទិសដៅអនាគត សំដៅលើក កម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-សហរដ្ឋអាមេរិកឱ្យឈានដល់កម្រិតថ្មីមួយទៀត។
កិច្ចប្រជុំបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូអាស៊ាន-សហរដ្ឋអាមេរិកបច្ចុប្បន្ន និងទន្ទឹងរង់ចាំធ្វើការ យ៉ាង ជិតស្និទ្ធជាមួយកម្ពុជា ក្នុងនាមជាប្រទេសសម្រប សម្រួលបន្ទាប់សម្រាប់ អាណត្តិ២០២៤-២០២៧។
កិច្ចប្រជុំក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជា កង្វល់ និងផលប្រយោជន៍រួម ផងដែរ ៕ ដោយ៖ សួង ពិសិដ្ឋ