រកឃើញជើងខ្លាំងចំនួន ២ក្រុមឈ្នះជើងឯកការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌
ខេត្តសៀមរាប៖ ឆ្លងការប្រកួតអស់រយៈពេលពេញមួយថ្ងៃនៅទីលានក្លឹបកីឡាវាយសីខេត្តសៀមរាប ការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌ ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប សហការគាំទ្រ ដោយសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចប់ហើយ ដោយរកឃើញជ័យលាភី២ក្រុម ដែលជាប់ជាជើងឯក គឺកម្រិតA ម្ចាស់ជើងឯក កីឡាករ ងួន សុធា ចាប់ដៃជាមួយកីឡាករ ផុង វាសនា ខណៈដែលជើងឯកកម្រិតB ម្ចាស់ជើងឯក កីឡាករ ហួត សុធារិទ្ធ ចាប់ដៃជាមួយកីឡាករពេជ្រ ថៃ។
ម្ចាស់ជើងឯក វាយសីកម្រិតA បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំងដែលខ្លួននិងដៃគូបានចាប់ដៃសហការគ្នា ដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាកម្រិតខ្ពស់មួយនេះ។ លោកថា ជ័យជម្នះនេះអាចកើតឡើងទៅបានដោយពួកគាត់រួមគ្នាជាធ្លុង់តែមួយ។
លោក សង្ឈឹមយ៉ាងមុតមាំថា ការប្រកួតកីឡាវាយសីព្រឹត្តិការណ៍ក្រោយៗទៀត ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប រូបគាត់និងដៃគូអាចដណ្តើមបានមេដាយមាសបន្តទៀត។ ជាមួយគ្នានោះ លោក ជាកីឡាករ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនដែលបានឧបត្ថម្ភគាំទ្រជួយឱ្យព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដំណើរទៅដោយរលូននិងជោគជ័យ។ពិសេស ក៏ថ្លែងអំណរគុណ ដល់ភេសជ្ជៈ100Plusជាភេសជ្ជៈបំពេញជាតិទឹកលេខ១ពីប្រទេសសង្ហបុរី និងម៉ាឡេស៊ី ដែលបានចូលរួមឧបត្ថម្ភសម្រាប់ការប្រកួត ដោយផ្តល់ភេសជ្ជៈមិនគិតថ្លៃជូនកីឡាករ ជាការរួមចំណែកអភិវឌ្ឍវិស័យកីឡានៅខេត្តសៀមរាប។
ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការបង្កើតការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌នេះរៀបចំឡើង គឺដើម្បីចូលរួមគាំទ្រលើកស្ទួយវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក្រោមពាក្យស្លោកកីឡារស់ក្នុងសន្តិភាព ដែលរកបានដោយមគ្គុទេសឯក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បជាប្រធានព្រឹទ្ធសភាកម្ពុជា។
គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌នេះមានកីឡាករកីឡាការិនីចូលរួមសរុបចំនួន៨៤រូបបែងចែកជា២កម្រិត គឺកម្រិតA និងB ។ថវិការដែលទទួលបានពីការចូលរួមរបស់កីឡាករកីឡាការិនីផ្នែកផ្នែកទ្រទ្រង់ដល់ការរៀបចំ និងមួយផ្នែកទៀតនាំយកទៅបរិច្ចាគជួយដល់កុមារកំព្រា៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ