អ្នកទេសចរចិនសម្រុកទៅថៃច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍ដល់ ១.៧៥លាននាក់
បាងកក៖ ចំនួនអ្នកទេសចរចិនទៅកាន់ប្រទេសថៃស្ទុះឡើងដល់ ១.៧៥លាននាក់ ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលនេះជាតួលេខខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារគោលនយោបាយទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍របស់ខ្លួន។
យោងតាមទិន្នន័យដែលប្រមូលបានពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ីអាគ្នេយ៍ ដែលទាក់ទាញអ្នកទេសចរមកលេងកំសាន្តច្រើនជាងគេ ជាមួយនឹងចំនួន ៨៨៩.០០០នាក់ តាមពីក្រោយដោយប្រទេសសិង្ហបុរីមានចំនួន ៧៨៦.០០០នាក់ និងប្រទេសម៉ាឡេស៊ីមានចំនួន ៧៥៨.៧៧២នាក់។
ឡាវជាប់លេខ៥ មានចំនួន ២៤២.៤០៤នាក់, កម្ពុជាជាប់ចំណាត់ថ្នាក់ទី៦ ទាក់ទាញអ្នកទេសចរចិនបានចំនួន ១៩០,០០០នាក់ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសស្វាគមន៍ភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី៣ បន្ទាប់ពីប្រទេសថៃ និងវៀតណាម។ តាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ីទទួលបានភ្ញៀវទេសចរចិនចំនួន ១១៣,០០០នាក់ និងហ្វីលីពីនមានចំនួន ១០៩,៥៦៨នាក់។
ដោយមើលឃើញពីសក្តានុពលទេសចរណ៍ពីទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោក បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានប្រញាប់ប្រញាល់ផ្តល់ការចូលដោយគ្មានទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន។ ប្រទេសថៃបានធ្វើសកម្មភាពពិសេសមួយ ខណៈដែលខ្លួនបានផ្តល់ជាអចិន្ត្រៃយ៍ការចូលប្រទេសខ្លួន ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់អ្នកទេសចរចិនចាប់ពីថ្ងៃទី១ ខែមីនា។
ប្រទេសម៉ាឡេស៊ីក៏បានផ្តល់ការចូលដោយគ្មានទិដ្ឋាការរយៈពេល ៣០ថ្ងៃដល់ភ្ញៀវទេសចរចិនកាលពីខែធ្នូឆ្នាំមុនផងដែរ ខណៈសិង្ហបុរីបានធ្វើដូចគ្នាកាលពីខែកុម្ភៈដែរ។ ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ីក៏បានពិចារណាផ្តល់ការចូលដោយគ្មានទិដ្ឋាការដល់ពលរដ្ឋមកពីប្រទេសចំនួន២០ រួមទាំងប្រទេសចិនផងដែរ។
រដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung កាលពីឆ្នាំមុនក៏បានស្នើឱ្យរដ្ឋាភិបាលពិចារណាដកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទសចំនួន២ គឺចិន និងឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា