ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៃខេត្តបាត់ដំបង បានប្រព្រឹត្តទៅយ៉ាងរលូន
បាត់ដំបង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ នៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅចាប់ពីម៉ោង៧ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ទៅតាមប្រតិទិនកំណត់បានយ៉ាងរលូនទាំងនៅមណ្ឌលនិងកាការិយាល័យស្រុក-ទាំង១៤នៅក្នុងខេត្តបាត់ដំបង ពុំមានបាតុភាពមិនប្រក្រតីណាមួយ បានកើតឡើងនោះទេ។ដោយឡែកដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ក៏ត្រូវបានបិទបញ្ចប់ទាំងស្រុងផងដែរ ។
តាមរយៈអ្នកបោះឆ្នោត ដែលជាអង្គបោះឆ្នោតមកពីសង្កាត់នានាក្នុងក្រុងបាត់ដំបងបានបង្ហាញនូវអារម្មណ៍រីករាយដែលបានបំពេញកាតព្វកិច្ចជាអង្គបោះឆ្នោតល្អ ថែមទាំងបង្ហាញពីទស្សនៈផ្ទាល់ខ្លួនដោយចាត់ទុកដំណើរការបោះឆ្នោតមានសភាពល្អប្រសើរ ប្រព្រឹត្តទៅដោយរលូន ។មានលក្ខណៈប្រជាធិបតេយ្យនិងមានសណ្ដាប់ធ្នាប់រៀបរយ ។
ចំណែកលោក សុខ ហ៊ីង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បាត់ដំបងឱ្យដឹងថា នៅគ្រប់ការិយាល័យបោះឆ្នោតទាំង១៤ ក្រុងស្រុក ទូទាំងខេត្តបាត់ដំបង ជាការកត់សម្គាល់ ពុំទាន់មានបញ្ហាអ្វីមួយកើតឬក៏ភាពមិនប្រក្រតីណាមួយបានកើតឡើង នៅក្នុងមណ្ឌលឬការិយាល័យបោះឆ្នោតទាំងអស់នោះ ឡើយ។
លោក សុខ ហ៊ីង បន្ថែមថាការបោះឆ្នោតនេះបានប្រព្រឹត្តទៅប្រកបដោយសន្តិសុខសុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់ បានល្អប្រសើរ។
តាមការបញ្ជាក់របស់លោក សុខ ហ៊ីង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះខេត្តបាត់ដំបង មានមណ្ឌលនិងការិយាល័យបោះឆ្នោតក្រុង ស្រុក១៤ ការិយាល័យ ដែលស្ថិតនៅតាមក្រុង ស្រុកនីមួយៗ និងមានអ្នកបោះឆ្នោតសរុបចំនួន៨២៣នាក់។ចំនួនអាសនៈក្រុមប្រឹក្សាខេត្តមានចំនួន២៧អាសនៈ។ដោយឡែក អង្គបោះឆ្នោត ក្រុមប្រឹក្សាក្រុងបាត់ដំបងមានចំនួន ១០០នាក់ និងមានអាសនៈ ចំនួន២១អាសនៈ ខណៈដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅចាប់ពីម៉ោង៧ព្រឹករហូតបិទបញ្ចប់ក្រោយពីចំនួនអង្គបោះឆ្នោតបានបោះឆ្នោតគ្រប់គ្នា មុនការកំណត់ នៅម៉ោង៣រសៀល ថ្ងៃដដែលនេះ ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )