រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះកំណើនភាពរឹងមាំនៃចំណងមិត្តភាពដែកថែប ក៏ដូចជាកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ចំពោះកំណើនភាពរឹងមាំនៃចំណងមិត្តភាពដែកថែប ក៏ដូចជាកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានលើកទឹកចិត្តតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់ ហើយបានឯកភាពបន្តជំរុញឱ្យកាន់តែច្រើន និងជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ ថ្នាក់ដឹកនាំចិនបានសង្កត់ធ្ងន់អំពីការបន្តគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេសស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងក្នុងការដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ។ ការវាយតម្លៃនេះ ក្នុងពេលរដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កានៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហាន ចឹង (HAN Zheng) អនុប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិនផងដែរ មុនជួបជាមួយ ឯកឧត្តម វ៉ាង យី និងទទួលជួបជាមួយឯកឧត្តម ចាង ជៀនហ័រ (ZHANG Jianhua) សមាជិកក្រុមដឹកនាំនៃបក្សកុម្មុយនីស្តចិនប្រចាំគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ និងជាប្រធានរដ្ឋបាលថាមពលជាតិចិន។ 

កិច្ចពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សុខ ចិន្តាសោភា និងឯកឧត្តម វ៉ាង យី បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល មានភាពស៊ីជម្រៅ និងគ្របដណ្តប់លើការងារអាទិភាពជាច្រើនដែលត្រូវជំរុញអនុវត្ត ដើម្បីលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការវិស័យនយោបាយ ការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ថាមពល ការអភិវឌ្ឍន៍  ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរវាងប្រជាជននិងប្រជាជន អប់រំ ទេសចរណ៍ និងវប្បធម៌។ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនកាលពីខែមេសាកន្លងទៅ ក៏ដូចជាវឌ្ឍនភាពនៃការអនុវត្តកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការត្បូងពេជ្រ ជាពិសេសការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមឆ្ឆា និងអង្ករ» កិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍ថាមពលស្អាតការអភិវឌ្ឍផ្លូវដែក និងការជំរុញកំណើនពាណិជ្ជកម្មតាមរយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឱ្យកាន់តែច្រើន ឯកឧត្តម វ៉ាង យី ស្វាគមន៍សំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ឱ្យភាគីចិនសិក្សាលទ្ធភាពពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅបង្កើនចំនួនកម្លាំងពលកម្មជំនាញ នៅកម្ពុជា និងបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមានផ្នែកដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធស្រោយស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រដោយចិនមានបទពិសោធន៍ជោគ ជ័យជាយូរមកហើយលើវិស័យទាំងនេះ។ ទន្ទឹមនេះដែរ ឯកឧត្តម វ៉ាង យី ក៏បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀត។ ភាគីទាំងពីរបានឯកភាពផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងមានសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត។

ឯកឧត្តម សុខ ចិន្តាសោភា និងឯកឧត្តម វ៉ាង យី ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈជាមួយគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម ហើយបានអះអាងជាថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមមានអាស៊ាន-ចិន មេគង្គ-ឡានឆាង និងអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner