ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ក្រសួងរៀបចំដែនដី បាននិងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រី ការកសាងស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកគុណភាពបេតុង និងការងារពិសោធន៍សម្ភារៈសំណង់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ឯកឧត្តម ញ៉ូ ហេង អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បានឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ជាសិក្ខាសាលាលើកទី២ហើយ ដែលមន្ទីរពិសោធន៍ជាតិសំណង់ បានរៀបចំ ដោយលើកយកប្រធានបទចំនួន៣ មកបង្ហាញរួមមាន ៖
១. ឧបករណ៍ពិសោធន៍និងបច្ចេកទេសពិសោធន៍ ដោយបង្ហាញពីឧបករណ៍ពិសោធន៍ទំនើបៗរបស់ជប៉ុនដែលទើបតែដំឡើងរួចរាល់នៅក្នុងខែមេសាកន្លងទៅនេះ។

២. ការលើកកម្ពស់គុណភាពបេតុងដោយបង្ហាញពីវិធីគ្រប់គ្រងបេតុង បច្ចេកទេសផលិតបេតុង និងការថែទាំបេតុង។ មន្ទីរពិសោធន៍ជាតិសំណង់ ក៏បានព្រាងសៀវភៅណែនាំបច្ចេកទេសលើកកម្ពស់គុណភាពបេតុងដែលគ្រោងនឹងដាក់ប្រជុំពិភាក្សាគ្នាក្នុងឆ្នាំ ២០២៤នេះ។

៣. បច្ចេកទេសជណ្ដើរយន្តដែលរៀបចំបង្ហាញដោយក្រុមហ៊ុនKoyo ពីលក្ខណៈបច្ចេកទេសនៃការដំឡើង ការប្រើប្រាស់ ការត្រួតពិនិត្យនិងការថែទាំ ។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថានឹងទទួលបានធាតុចូលបន្ថែមទៀតដែលអាចជួយជំរុញការអភិវឌ្ឍន៍លើវិស័យសំណង់ ឱ្យកាន់តែមានភាពជឿជាក់ដល់អ្នកវិនិយោគ និងអ្នកប្រើប្រាស់សំណង់ ដោយផ្អែកលើការអនុវត្តតាមច្បាប់សំណង់ បទដ្ឋានគតិយុត្តិនានា និងការអនុវត្តការពិសោធន៍សម្រាប់បញ្ជាក់គុណភាព និងសុវត្ថិភាពសម្ភារៈសំណង់ បរិក្ខារសំណង់និងផលិតផលសំណង់ តាមរយៈការចាប់ដៃគ្នាលើកកម្ពស់ការពិសោធន៍និងការសិក្សាស្រាវជ្រាវ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner