សារព័ត៌មានចិនស៊ីនហួរចេញផ្សាយពីព្រះរាជពិធីច្រត់ព្រះនង្គ័លកម្ពុជា

កំពង់ស្ពឺ៖ ប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិធីបុណ្យតាមបែបប្រពៃណីបុរាណរបស់ខ្លួននៅខេត្តកំពង់ស្ពឺ នៅភាគខាងលិចប្រទេស ស្ថិតក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាការប្រារព្ធពិធីចាប់ផ្តើមរដូវធ្វើស្រែចម្ការប្រចាំឆ្នាំនោះ ក៏មានការចូលរួមអញ្ជើញចូលរួមពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីអង្គទូត អគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋជាច្រើន។

អ្នកស្រុករាប់ពាន់នាក់ក៏បានទៅទស្សនាព្រឹត្តិការណ៍នេះផងដែរ ដែលត្រូវបានរៀបចំឡើងនៅទីវាលមួយក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ៤៨គីឡូម៉ែត្រ ភាគខាងលិចរាជធានីភ្នំពេញ។
នៅក្នុងពិធីឆ្នាំនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចាត់អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ជាស្តេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័លនៅលើទីព្រះស្រែមុខព្រះពន្លាជ័យ, លោកស្រី ឈុន ស៊ីន ត្រូវបានចាត់ជា មេហួ ដើម្បីសាបព្រោះគ្រាប់ពួជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណីនៃព្រះរាជពិធីតាំងពីបុរាណកាលតរៀងមក។
ព្រះរាជាទ្រង់ត្រាស់ភ្ជួរស្រែដោយប្រើគោឧសភរាជ ហើយព្រះមហាក្សត្រិយ៍ទ្រង់បានសាបព្រោះគ្រាប់នៅតាមរណ្តៅជានិមិត្តរូបនៃការដាំ។

បន្ទាប់ពីភ្ជួររាស់ពេញវាលអស់បីជុំរួចមក គោឧសភរាជត្រូវបានផ្តល់អាហារចំនួន៧ចាន គឺអង្ករ ពោត សណ្តែកបាយ ល្ង ទឹក ស្មៅស្រស់ និងស្រា។ បើគោស៊ីរបស់របរកសិកម្មណាច្រើន គេជឿថា ដំណាំកសិកម្មនោះ នឹងផ្តល់ទិន្នផលល្អក្នុងឆ្នាំនេះ ប៉ុន្តែបើស៊ីតិច គេជឿថា ទិន្នផលតិច។ បើគោស៊ីស្មៅ និងស្រា គេទាយថា គោក្របីនឹងឆ្លងជំងឺរាតត្បាត ហើយបើផឹកទឹកច្រើន ទឹកជំនន់នឹងកើតឡើង។ គោឧសភរាជ បានបរិភោគតែ ៣មុខគួរកក់សម្គាល់មាន ស្រូវ ៩៥% ពោត ៩៥% និងសណ្តែក ៨៥% ដែលតាមប្រផ្នូលបានបង្ហាញថា ការបង្កបង្កើនស្រូវ ពោត និងសណ្តែកឆ្នាំនេះ ឆ្នាំរោង ឆ្នាំ២០២៤ គឺទទួលបានផលល្អប្រសើរ ទិន្នផលខ្ពស់រហូតដល់ទៅ៩៥%៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner