ជប៉ុនប្រឈមអាកាសធាតុក្តៅខ្លាំងខុសពីធម្មតា
តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្យាករណ៍ថា សីតុណ្ហភាពក្តៅខ្ពស់ជាងធម្មតា ទំនងជាវាយប្រហារទូទាំងប្រទេសជប៉ុន ចាប់ពីខែមិថុនា ដល់ខែសីហាខាងមុខនេះ។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្យាករណ៍អំពីអាកាសធាតុក្តៅក្នុងរដូវក្តៅ ដែលនឹងពាំនាំមកនូវខ្យល់ក្តៅ និងសើមដែលជះឥទ្ធិពលលើប្រទេសជប៉ុន ចេញពីគែមនៃប្រព័ន្ធសម្ពាធខ្ពស់នៅតំបន់ប៉ាស៊ីហ្វិក។ មន្ត្រីឧតុនិយមបាននិយាយថា នៅក្នុងខែមិថុនា និងខែកក្កដា សីតុណ្ហភាពនឹងមានលក្ខណៈធម្មតា ឬខ្ពស់នៅភាគខាងជើងប្រទេសជប៉ុន ខណៈមានការរំពឹងថា សីតុណ្ហភាពកើនឡើងខ្ពស់នៅភាគខាងកើត និងខាងលិចប្រទេសជប៉ុន និងនៅតំបន់ Okinawa និងAmami។
ចំណែកនៅខែសីហា សីតុណ្ហភាពនឹងហក់ឡើងខ្ពស់នៅទូទាំងប្រទេសតែម្តង។ ជាមួយគ្នានេះ ប្រធានមជ្ឈមណ្ឌលព័ត៌មានអាកាសធាតុមិនប្រក្រតីរបស់ទីភ្នាក់ងារ JMA លោក Shotaro Tanaka បានអំពាវនាវឱ្យ “ចាត់វិធានការប្រុងប្រយ័ត្នប្រឆាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារសីតុណ្ហភាពកើនឡើង ក្នុងកំឡុងពេលមានពន្លឺថ្ងៃក្នុងរដូវវស្សា សូម្បីតែមុនរដូវក្តៅក៏ដោយ។
ទីភ្នាក់ងារ JMA បន្ថែមថា ទឹកភ្លៀងត្រូវបានគេរំពឹងថា នឹងមានកម្រិតជិតដល់ធម្មតាក្នុងអំឡុងពេលបីខែនៅភាគខាងជើង និងខាងកើតប្រទេសជប៉ុន ហើយមានកម្រិតធម្មតា ឬច្រើនជាងធម្មតានៅភាគខាងលិចប្រទេសជប៉ុន ក៏ដូចជាតំបន់ Okinawa និងAmami។ មន្ត្រីឧតុនិយមក៏បានព្រមានអំពីសីតុណ្ហភាពខ្ពស់ខ្លាំងនៅក្នុងខែសីហាផងដែរ ប្រសិនបើបាតុភូតអាកាសធាតុ La Nina កើតឡើង៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា