ការសិក្សាបង្ហាញថា កុមារជាង ៣០០លាននាក់ប្រឈមការរំលោភបំពានផ្លូវភេទតាមអ៊ីនធឺណិត

ឡុងដ៍៖ យោងតាមការប៉ាន់ស្មានជាសកលលើកដំបូងបានចេញផ្សាយនៅថ្ងៃចន្ទនេះថា កុមារជាង ៣០០លាននាក់ក្នុងមួយឆ្នាំ បានរងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត។

អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Edinburgh ប្រទេសស្កុតលែន បានរកឃើញថា កុមារម្នាក់ក្នុងចំណោម ៨នាក់នៅលើពិភពលោក បានរងគ្រោះពីការទទួលយក និងការចែករំលែករូបភាព និងវីដេអូផ្លូវភេទ ក្នុងរយៈពេល ១២ខែចុងក្រោយនេះ។

វិទ្យាស្ថានសុវត្ថិភាពកុមារពិភពលោក Childlight Global ដែលតាមដានការសិក្សានេះ ក៏បានអះអាងដែរថា ក្រៅពីកុមារ ក៏មានយុវជនប្រហែល ៣០២លាននាក់ផ្សេងទៀត បានរងគ្រោះស្រដៀងគ្នាដែរ មានដូចជាការទាមទារឱ្យទទួលយកការរួមភេទពីសំណាក់មនុស្សពេញវ័យ ហើយបទល្មើសខ្លះទៀត ជនល្មើសបានទាមទារប្រាក់ពីជនរងគ្រោះ ជាថ្នូរនឹងការរក្សារូបភាពឯកជន និង ការរំលោភបំពានដោយបច្ចេកវិទ្យា AI ដើម្បីបង្កើតវីដេអូ និងរូបភាពក្លែងក្លាយ។

ការស្រាវជ្រាវបានងបង្ហាញថា សហរដ្ឋអាមេរិកគឺជាប្រទេសមានហានិភ័យខ្ពស់ជាងគេ ដោយបុរសម្នាក់ ក្នុងចំណោម៩នាក់នៅទីនោះ បានសារភាពថា មានការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិតលើកុមារ។

របាយការណ៍នេះត្រូវបានបញ្ចេញ បន្ទាប់ពីប៉ូលីសអង់គ្លេសបានព្រមានកាលពីខែមុនថា ក្រុមឧក្រិដ្ឋជននៅអាហ្វ្រិកខាងលិច និងអាស៊ីអាគ្នេយ៍បានផ្តោតលើក្មេងជំទង់អង់គ្លេស ដើម្បីបោកប្រាស់ផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។ ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស (NCA) ក៏បានចេញសេចក្តីជូនដំណឹងដល់គ្រូបង្រៀនរាប់សែននាក់ផងដែរ អំពីការគំរាមកំហែងដែលសិស្សរបស់ពួកគេអាចប្រឈមមុខ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner