យុវជនវាយសីកម្ពុជា នាំយកមេដាយ ១៤គ្រឿងមកជូនជាតិពីការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ
(ភ្នំពេញ)៖ ក្រុមកីឡាករ កីឡាការិនីយុវជនកីឡាវាយសីកម្ពុជា ដែលដណ្តើមបានមេដាយសរុបចំនួន ១៤គ្រឿងពីការប្រកួតវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (Badminton Asia Southeast Asia Regional Junior Championships 2024) នៅប្រទេសឡាវ បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
វិលត្រឡប់មកដល់កម្ពុជាវិញរបស់យុវជនកីឡាវាយសី ទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និង ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានគូសបញ្ជាក់ថា ក្នុងនាមសហព័ន្ធ សូមអបអរសាទរដល់កីឡាករ កីឡាការិនីរបស់យើង ដែលបានបញ្ចេញស្នាដៃជាទីមោទនៈ ដល់ប្រទេសកម្ពុជាយើង។ លទ្ធផលដែលយើងទទួលបាននាពេលនេះ គឺបានមកដោយក្រុមកីឡាករ កីឡាការិនីវ័យក្មេង ក្នុងនោះដែរ សហព័ន្ធកីឡាវាយសីកម្ពុជាក៏ពិតជាមានមោទនភាព ចំពោះក្រុមថ្មីមិនធ្លាប់ចូលរួមប្រកួតនៅក្រៅប្រទេស ។ ប៉ុន្តែជាលទ្ធផល គឺក្រុមយើងធ្វើបានល្អ ដោយដណ្តើមបានមេដាយច្រើនជូនប្រទេសជាតិយើង។
ឯកឧត្តមអនុប្រធានបន្ថែមថា តាមរយៈសមិទ្ធផលជាមេដាយរបស់ក្រុមកីឡាករ កីឡាការិនីវាយសីកម្ពុជា នាពេលនេះ សហព័ន្ធនឹងបន្តរៀបចំការហ្វឹកហាត់ជាប្រចាំ ក៏ដូចជាការខិតខំរិះរកការប្រកួតឱ្យបានញឹកញាប់ និងព្យាយាមស្វែងរកប្រភពកីឡាករថ្មីៗបន្ថែមទៀត។ ដូចជាក់ស្តែងកាលពីប៉ុន្មានថ្ងៃនេះ សហព័ន្ធទើបនឹងបានបិទបញ្ចប់ការប្រកួតកីឡាវាយសីឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ហើយសហព័ន្ធនឹងជ្រើសរើសធនធានឆ្នើមៗចេញពីកីឡាករ កីឡាការិនីដែលជាសិស្សនិស្សិតចេញពីកម្រិតឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេស។ ការជ្រើសរើសធនធានថ្មីៗនេះ ឃើញថាមានដំណើរការល្អប្រសើរ និងកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
សម្រាប់ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៤នេះត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសឡាវជាម្ចាស់ផ្ទះ ហើយនៅឆ្នាំ២០២៥ខាងមុខ នឹងត្រូវវិលត្រឡប់មកដល់កម្ពុជាជាម្ចាស់ផ្ទះវិញម្តងទៀត ដោយសារប្រទេសមីយ៉ាន់ម៉ាមិនមានលទ្ធភាពទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៥។ ដូច្នេះកម្ពុជានឹងធ្វើម្ចាស់ផ្ទះម្តងទៀត បន្ទាប់ពីកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជាលើកដំបូង កាលពីឆ្នាំ២០២៣កន្លងទៅ។
ឯកឧត្តម កុសល សុវណ្ណវិសាល សង្កត់ធ្ងន់ថា ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងបន្ថែមទៀត តាមរយៈការខិតខំពុះពារក្នុងការរៀបចំ និងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី ខណៈសហព័ន្ធកីឡាវាយសីកម្ពុជាកំពុងសម្រិតសម្រាំងកីឡាករ កីឡាការិនី ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ខាងមុខផងដែរ»។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះគ្រប់ដៃគូសហការ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមសហការបានយ៉ាងល្អជាមួយសហព័ន្ធ ដែលបានធ្វើឱ្យការខិតខំរបស់សហព័ន្ធវាយសីកម្ពុជាអាចអនុវត្តបាន។ សូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គាំទ្រដល់វិស័យកីឡា រួមទាំងកីឡាវាយសីផងដែរ។
ក្នុងនាមសហព័ន្ធកីឡាវាយសីកម្ពុជា គណៈកម្មាធិការប្រតិបត្តិទាំងអស់ និងឯកឧត្តមផ្ទាល់តែងតែបានក្រើនរម្លឹក និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបន្តការខិតខំហ្វឹកហាត់បន្ថែម ដើម្បីសុខភាពផ្ទាល់ខ្លួនផង និងដើម្បីត្រៀមឆ្ពោះទៅប្រកួតអន្តរជាតិនានា នាពេលខាងមុខ ជាពិសេសគោលដៅចម្បងនៃការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ផងដែរ។
ចំពោះមេដាយរបស់វាយសីកម្ពុជា ដែលឈ្នះពីការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅឡាវនេះ គឺមាន១៤គ្រឿង ក្នុងនោះមេដាយប្រាក់៤គ្រឿង និងមេដាយសំរឹទ្ធ១០គ្រឿង។ សហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីយុវជនជម្រើសជាតិវាយសីកម្ពុជាចំនួន៨នាក់ ក្នុងនោះកីឡាករ ៤នាក់ និងកីឡាការិនី៤នាក់ ក្រោមការដឹកនាំពីគ្រូបង្វឹក២នាក់។ ព្រឹត្តិការណ៍នេះមាន៥ប្រទេសចូលរួម រួមមាន៖ ម្ចាស់ផ្ទះឡាវ ទីម័រខាងកើត មីយ៉ាន់ម៉ា ប៊្រុយណេ និងកម្ពុជា ប្រកួតប្រជែងលើវិញ្ញាសាអាយុក្រោម១៥ឆ្នាំ និងក្រោម១៧ឆ្នាំ ចាប់ពីថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២៤៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ