មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងផ្សារទំនើបអ៊ីអន ចុះអនុស្សារណៈយោគយល់គ្នា និងចែករំលែក «ការកៀរគរទុន ៖ ដោះសោរឧបសគ្គ» ដល់បណ្តាសហគ្រិនអាជីវកម្មខ្មែរដែលទើបនឹងចាប់ផ្តើមថ្មីៗ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រួមសហការជាមួយផ្សារទំនើបអ៊ីអន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បើកកសិក្ខាសាលាមួយស្តីពី «ការកៀរគរទុន៖ ដោះសោរឧបសគ្គ» ដល់បណ្តាសហគ្រិនអាជីវកម្មខ្មែរ ដែលទើបនឹងចាប់ផ្តើមថ្មីៗ និងអាជីវកម្មដំណាក់កាលដំបូង ដើម្បីផ្តល់ឱកាសដល់ពួកគេបានយល់ដឹងកាន់តែស៊ីជម្រៅអំពី របៀបក្នុងការកំណត់អត្តសញ្ញាណនៃឧបសគ្គទូទៅ ដែលពួកគេតែងតែជួបប្រទះនៅអំឡុងពេលកៀរគរទុន។

លោក ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) បានឱ្យដឹងថា ការចុះអនុស្សារណៈយោគយល់គ្នារវាងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)ជាមួយនិងផ្សារទំនើបអ៊ីអនម៉លនេះ គឺជាការគាំទ្រនូវយុទ្ធសាស្រ្ត ក៏ដូចជាអាជីវកម្ម ដើម្បីជំរុញនូវបេសកម្ម ជាពិសេសពាក់ព័ន្ធជាមួយនិងទឹសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជន ។

លោកបន្ថែមថា កម្មវិធីពន្លឿនអាជីវកម្ម (CJAP) ក៏អាចជួយជំរុញដល់អ្នកដែលមានត្រឹមតែជាគំនិតមិនទាន់ហានចូលប្រឡូកនៅក្នុងការធ្វើអាជីវកម្ម ផ្ទាល់និងឱ្យពួកគេនឹងទទួលបានការអភិវឌ្ឍយុទ្ធសាស្ត្រ ដើម្បីជម្នះឧបសគ្គ និងការបង្កើនប្រសិទ្ធភាពក្នុងការកៀរគរទុន ក៏ដូចជា ឈ្វេងយល់ពីជម្រើសក្នុងការកៀរគរទុនផ្សេងៗ និងជ្រើសរើសវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់តម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន, វិធីធ្វើឱ្យមានភាពជឿជាក់ និងរៀបចំខ្លួនដើម្បីទៅរកអ្នកវិនិយោគសម្រាប់ការផ្តល់មូលនិធិ និងទទួលបានព័ត៌មានចាំបាច់ ដើម្បីចុះឈ្មោះចូលកម្មវិធី ពន្លឿនអាជីវកម្ម ជំនាន់ទី៧ (CJCC Accelerator Program) ។

លោក អ៊ីនដូ ហ៊្វូមីហ៊ីកូ ជានាយកគ្រប់គ្រងនៃផ្សាទំនើបអ៊ីអនកម្ពុជា បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការជាមួយ CJCC ដែលបានបង្ហាញកំណត់ត្រាឱ្យឃើញស្រាប់ទៅលើការគាំទ្រដល់វិស័យសហគ្រិនភាព នឹងជួយផ្តល់ឱកាសដល់ក្នុងការបង្កើតភាពជាដៃគូដែលលោកត្រូវការ ។

លោកក៏ជឿជាក់ផងដែរថា កិច្ចប្រតិបត្តិការក្នុងការផ្តួចផ្តើមកម្មវិធីពន្លឿនអាជីវកម្ម (CJAP) នឹងផ្តល់ការសិក្សាដល់លោកអំពីបំណងប្រាថ្នារបស់សហគ្រិនកម្ពុជា និងជួយឱ្យបានដឹងសេចក្តីប្រាថ្នារបស់ពួកគេ តាមរយៈការរួមចំណែកដោះស្រាយបញ្ហាសង្គម ។

បេសកកម្មរបស់លោកគឺ «បំពេញជីវិតប្រចាំថ្ងៃនៅកម្ពុជា ជាមួយនឹងលទ្ធភាពថ្មីៗ»។ លោកមានទំនុកចិត្តថា តាមរយៈកម្មវិធីនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដើម្បើនាំយកនូវគុណតម្លៃថ្មីក្នុងការបង្កើនការអភិវឌ្ឍន៍របស់ប្រទេស។

លោក ជា ចិត្រា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PPF Yummy Manufacturing Co., Ltd ដែលបានទទួលការបណ្តុះបណ្តាលពីកម្មវិធីនេះបានលើកឡើងថា សំរាប់កម្មវិធីពន្លឿនអាជីវកម្ម ពិតជាមានសារៈសំខាន់សំរាប់សហគ្រាសធុនតិច និងមធ្យម ដោយសារតែកម្មវិធីនេះមានរៈពេលពេលពី៤ទៅ៦ខែ ដែលបានបង្រៀននូវមុខវិជ្ជាជាច្រើនដើម្បីឱ្យម្ចាស់អាជីវកម្ម ដែលមិនមានចំណេះជំនាញពីមុនមក អាចយល់ដឹងពីដំណើរការអាជីវកម្ម ហើយអាចមានឱកាសទៅប្រទេសជប៉ុនដើម្បីទាក់ទាញអ្នកវិនិយោគគិតពីប្រទេសជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កម្មវិធីពន្លឿនអាជីវកម្ម (CJAP) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដោយ CJCC ដើម្បីជួយសម្របសម្រួលដោះស្រាយ ឧបសគ្គ ផ្សេងៗ ដែលសហគ្រិនកម្ពុជារងការប្រឈម ដូចជា លទ្ធភាពទទួលបានផ្នែកហិរញ្ញវត្ថុ ជំនួយអាជីវកម្ម ធនធានមនុស្ស និងទីផ្សារមានកម្រិត ជាដេីម។ កម្មវិធីនេះដើរតួនាទីជាវេទិកាសម្រាប់ដោះស្រាយបញ្ហាប្រឈម ដោយផ្តល់នូវការអភិវឌ្ឍសមត្ថភាពអាជីវកម្ម និងបង្កើតកិច្ចសហការ និងឱកាសក្នុងការកៀរគរទុនជាមួយសមាគមធុរកិច្ចកម្ពុជា អ្នកវិនិយោគិនសំខាន់ៗ និងក្រុមហ៊ុនជប៉ុន ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA និងពិគ្រោះយោបល់ដោយក្រុមហ៊ុន Deloitte Tohmatsu Financial Advisory LLC ។

ទន្ទឹមនឹងការអនុវត្តទ្រឹស្តី និងធ្វើការពិគ្រោះយោបល់ជាមួយអ្នកជំនាញកម្ពុជា និងជប៉ុននៅក្នុងប្រទេស ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសទាំងអស់ ក៏មានឱកាសធ្វើទស្សនកិច្ចសិក្សាធុរកិច្ចទៅកាន់ប្រទេសជប៉ុន ដែលឧបត្ថមដោយ JICA ដើម្បីអាចមើលឃើញពីការអនុវត្តជាក់ស្តែង នៃក្រុមហ៊ុនដែលដំណើរការប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសជប៉ុន ព្រមទាំងមានឱកាសក្នុងការកៀរគរទុនផងដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner