របបសន្តិសុខសង្គមជំរុញកំណើនអ្នកទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៖ ក្តីសង្ឃឹមក្នុងការពង្រឹងវិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ៖ជាការផ្លាស់ប្តូរដ៍ធំមួយសម្រាប់ប្រព័ន្ធសុខាភិបាលរបស់កម្ពុជា ។ប្រជាពលរដ្ឋកាន់តែច្រើននៅរាជធានីភ្នំពេញ បានទៅទទួលសេវាសុខាភិបាលពីមន្ទីរពេទ្យរដ្ឋ ជាពិសេសពីមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពសាធារណៈ។ អ្នកជំនាញមានសុទិដ្ឋិនិយមថា និន្នាការនេះកំពុងផ្តល់ក្តីសង្ឃឹម និងមានសក្តានុពលក្នុងការពង្រឹងវិស័យសុខាភិបាលទាំងមូលរបស់កម្ពុជា ដើម្បីធានាថាប្រជាជនគ្រប់រូបអាចទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព និងតម្លៃសមរម្យ។

ចលករដ៏ចម្បងដែលនៅពីក្រោយការផ្លាស់ប្តូរនេះ គឺការអនុវត្តរបបសន្តិសុខសង្គម ឬ ប.ស.ស.។ ប.ស.ស.ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៨ ហើយផ្នែកធានារ៉ាប់រងសុខភាព គឺជាកញ្ចប់គាំពារមួយក្នុងចំណោមកញ្ចប់ ពីរផ្សេងទៀត គឺផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។

ប.ស.ស.សម្រាប់ធានារ៉ាប់រងសុខភាពត្រូវបានអនុវត្តសម្រាប់កម្មករនិយោជិតតាំងពីឆ្នាំ២០១៦មក និងសម្រាប់មន្ត្រីរាជការពីឆ្នាំ ២០១៨ មុននឹងពង្រីកវិសាលភាពទៅដល់បុគ្គលស្វ័យនិយោជន៍ក្នុងផ្នែកធានារ៉ាប់រងសុខភាព កាលពីខែមេសា ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងពីរលាននាក់ កំពុងប្រើប.ស.ស.ក្នុងនាមជាសមាជិក។ពួកគេត្រូវចំណាយចន្លោះពីមួយម៉ឺនទៅបីម៉ឺនរៀលក្នុងមួយខែទៅលើការទិញធានារ៉ាប់រងសុខភាពនេះ លើកលែងតែកម្មករ និងមន្ត្រីរាជការមួយចំនួនដែលស្ថាប័នរបស់ពួកគេ ជាអ្នករ៉ាប់រងចំណាយ។

តាមរយៈការបង់វិភាគទាននេះ ពួកគេនឹងទទួលបានមកវិញនូវសេវាថែទាំសុខភាពដ៏ទូលំទូលាយ និងមិនចាំបាច់បង់ថ្លៃ រួមទាំងថ្លៃពិគ្រោះយោបល់ ព្យាបាល និងវះកាត់នៅមន្ទីរពេទ្យរដ្ឋ និងឯកជនសរុបជាង១ ៥០០កន្លែងនៅទូទាំងប្រទេស ដែលជាដៃគូសហការរបស់ប.ស.ស.។

ក្នុងបទសម្ភាសជាមួយ Apsara Tonight ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គមនិយាយថា ប.ស.ស.ស្តែងឱ្យឃើញពីការផ្លាស់ប្តូរដ៏ធំមួយ នោះគឺការកើនឡើងជាបន្តបន្ទាប់នូវចំនួនអ្នកជំងឺដែលកំពុងស្វែងរកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ បាននិយាយថា៖«ក្នុងការផ្តល់សេវាសុខាភិបាលនៅកម្ពុជាទៅកាន់សមាជិក ប.ស.ស. យើងគត់សម្គាលឃើញថាមានស្ថានភាពល្អប្រសើរជាលំដាប់។ ដោយក្នុងនោះ មានហេតុក្នុងការរុញច្រាលធ្វើឱ្យផ្លាស់ប្តូរជាបន្តបន្ទាប់។ ការផ្តល់សេវានៅក្នុងប្រទេសរបស់យើងមានភាពល្អប្រសើរច្រើន»។

ឯកឧត្តមបញ្ជាក់ថា កត្តាដែលនាំឱ្យការផ្តល់សេវាសុខាភិបាលតាមរយៈ ប.ស.ស.មានភាពល្អប្រសើរ ដោយសារមូលដ្ឋានសុខាភិបាលជាដៃគូ ត្រូវតែគោរពតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ពោលគឺផ្តល់សេវាវេជ្ជសាស្ត្រប្រកបដោយគុណធម៌ គុណភាព និងមានសុវត្ថិភាព។ ភ្នាក់ងារ ប.ស.ស.មានយន្តការចុះឃ្លាំមើលជាប្រចាំ និងទទួលយកមតិពីប្រជាជននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូទូទាំងប្រទេស។

ការងាករកសេវាសុខាភិបាលសាធារណៈ

មិនដូចមុនទេ នៅពេលនេះមន្ទីរពេទ្យ និងមណ្ឌលសុខភាពសាធារណៈមានភាពអ៊ូអរ។ មណ្ឌលសុខភាពស្ទឹងមានជ័យគឺជាឧទាហរណ៍មួយ។ ព្រលឹមស្រាងៗ មានប្រជាពលរដ្ឋជាច្រើនរង់ចាំទទួលការពិគ្រោះ និងព្យាបាល។ ខ្លះនាំម្តាយឪពុកចាស់ជរាទៅពិនិត្យ ខ្លះនាំកូនតូចៗទៅព្យាបាល និងខ្លះទៀតស្វែងរកការពិគ្រោះយោបល់ពីសុខភាពផ្ទាល់ខ្លួន។
លោកស្រី ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យនិយាយថា ចំនួនអ្នកមកទទួលសេវាព្យបាលនៅមណ្ឌលរបស់អ្នកស្រីបានកើនឡើងទ្វេដង។

លោកស្រី ហ៊ាង មករា ថា៖«ឥឡូវស្ថានភាពនៅពេលដែលប្រជាជនអញ្ញើញមកប្រើសេវានៅមណ្ឌលសុខភាពស្ទឹងមានជ័យនេះគឺមានសភាពកើនឡើងច្រើនជាងមុន ហើយនៅពេលដែលគាត់មានបណ្ណ ប.ស.ស.គឺអញ្ញើញមកច្រើនខ្លាំង។ កាលពីមុនក្នុងមួយថ្ងៃ មានតែប្រហែលជា៥០ នាក់តែប៉ុណ្ណោះ ។ប៉ុន្តែឥឡូវមានប្រហែល១០០ នាក់»។

ក្នុងទឹកមុខញញឹមញញេម លោកស្រី លើកឡើងថា ប្រជាជនពេញចិត្តនឹងសេវាកម្ម និងគុណភាពដែលមណ្ឌលអ្នកស្រីផ្តល់ឲ្យ។ លោកស្រី ហ៊ាង មករាបន្ត៖«ដោយសារគាត់មានប.ស.ស. បានគាត់អញ្ជើញមកមណ្ឌលសុខភាព ហើយមួយទៀតដោយសារតែកន្លែងមកនេះ មានការពិនិត្យច្បាស់លាស់ និយាយទៅធ្វើតាមបច្ចេកទេសត្រឹមត្រូវ…យើងចាត់ទុកគាត់ដូចជាបងប្អូន»។
មន្ទីរពេទ្យបង្អែកដង្កោ គឺជាឧទាហរណ៍ជាក់ស្តែងមួយទៀត។ មន្ទីរពេទ្យដែលគាំទ្រដោយរដ្ឋនេះ បានកែលម្អសេវាកម្ម និងគុណភាពព្យាបាលរហូតទទួលបានការទទួលស្គាល់ និងកោតសរសើរពីប្រជាជនក្នុងសហគមន៍។

លោក ផេង ប៉ូលីន ប្រធានមន្ទីរពេទ្យបង្អែកដង្កោ និយាយថា៖«ទាល់តែគាត់អញ្ជើញមកបានគាត់ភ្ញាក់ថាមន្ទីរពេទ្យរដ្ឋ មានការផ្លាល់សេវាបែបនេះបែបនោះ ហើយអាចទទួលយកបាន នោះកាត់បន្ថយហើយ។ គាត់នឹងកាត់បន្ថយទៅថ្នាក់ជាតិ និងពេទ្យឯកជន»។

ក្រៅពីមណ្ឌលសុខភាពពីរខាងលើ មន្ទីរពេទ្យរដ្ឋធំៗផ្សេងទៀតក៏ទទួលបានទំនុកចិត្តច្រើនឡើងពីអ្នកជំងឺផងដែរ ជាពិសេសអ្នកមាន ប.ស.ស.។ តួយ៉ាង មន្ទីរពេទ្យព្រះអង្គឌួង និងកាល់ម៉ែតជាដើម។ ចំណែកអ្នកជំងឺផ្ទាល់វិញក៏សម្គាល់ឃើញពីការផ្លាស់ប្តូរទាំងសេវាកម្ម និងគុណភាពព្យាបាលនៅមន្ទីរពេទ្យរដ្ឋផងដែរ។

អ្នកស្រី លាភ ស្រីនិច រស់នៅភូមិថ្មី សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកស្រីធ្លាប់ទទួលបានបទពិសោធន៍មិនល្អនៅពេលស្វែងរកសេវាព្យាបាលនៅមណ្ឌលសុខភាពសាធារណៈពីមុនមក។ប៉ុន្តែ អ្នកស្រី សង្កេតឃើញថា ក្រោយមាន ប.ស.ស.សេវាសុខភាពសាធារណៈមានការផ្លាស់ប្តូរ ដែលអាចឱ្យអ្នកស្រីជឿទុកចិត្តបាន។

អ្នកស្រី ស្រីនិច និយាយ៖«ខ្ញុំ មកទទួលសេវានៅទីនេះលើកទី២ហើយ តាមរយៈ ប.ស.ស.នៅមន្ទីរពេទ្យនេះ គឺល្អ។ ខ្ញុំនិយាយតាមត្រង់ តាមដែលខ្ញុំចូលមកតាំងពីលើកទី១ រហូរដល់លើកទី២។ ចំពោះលោកគ្រូ អ្នកគ្រូ គាត់មានការយកចិត្តទុកដាក់ជាមួយយើង។ ពាក្យសម្តីគាត់ ក៏ពិរោះ អត់មានពាក្យគំរោះគំរើយដាក់យើងគឺអត់ទេ ។គឺល្អ អាចទទួលយកបាន ហើយសេវាប.ស.ស.ក៏ល្អដែរ។ គាត់ មកពិនិត្យយើងបានទៀតទាត់ នៅពេលដែលយើងត្រូវការ គាត់មករហ័សរហួន។ អ៊ីចឹងចំពោះខ្ញុំ ជួបខ្លួនឯងផ្ទាល់ ព្រោះខ្ញុំមកលើកទី២ហ្នឹងហើយ»។

មិនខុសពីស្រីនិច លោក វ៉ាន់ ចយ អាយុ៤១ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តតាកែវ ក៏យល់ឃើញដូច្នេះដែរ។ បច្ចុប្បន្ន លោក វ៉ាន់ ចយ កំពុងបម្រើការងារនៅសាលាឯកជនមួយកន្លែងនៅរាជធានីភ្នំពេញ។ លោក និយាយថា ប.ស.ស.បានធ្វើឱ្យលោកផ្លាស់ប្តូរគំនិតពីការស្វែងរកសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យឯកជន មកទទួលសេវានៅតាមមន្ទីរពេទ្យរដ្ឋវិញ។
លោក បាននិយាយថា៖«ពីមុនមក ខ្ញុំធ្លាប់មកពេទ្យឯកជន ប៉ុន្តែអស់លុយច្រើន។ ដល់ពេលខ្ញុំចូលជាសមាជិក ប.ស.ស វាស្រួលជាង ហើយសេវាអត់មានអស់លុយទេ។មកយកសេវាគឺវាស្រួលតាមផ្នែកជំងឺរបស់យើង អីចឹង ហើយលឿនទៀត។ ថ្នាំពេទ្យល្អ ហើយយើងហូបទៅត្រូវនឹងជំងឺរបស់យើង»។

សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០២៣កន្លងទៅនេះ មានអ្នកប្រើប្រាស់សេវាសុខាភិបាលតាមរយៈ ប.ស.ស.នៅតាមមូលដ្ឋានសុខាភិបាលសរុបទូទាំងប្រទេសជាងប្រាំលានករណី ដែលមានកំណើនរហូតដល់ទៅប្រមាណ ៧៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមបេឡាសន្តិសុខសង្គម។ បើគិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះវិញ អ្នកប្រើប្រាស់សេវាផ្នែកថែទាំសុខភាពតាមរយៈ ប.ស.ស. នៅទូទាំងប្រទេសមានសរុបជាង ១៨ ២២០ ០០០ករណី ដោយបានចំណាយថវិកាសរុបជាង ៣០៥ ៧៧៧លានរៀល ឬប្រមាណ៧៦លានដុល្លារ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមចាត់ទុកចំនួននៃការមកស្វែងរកសេវាសុខាភិបាលសាធារណៈតាមរយៈប.ស.ស.ថា ជារឿងដែលប្រសើរ។ លោកស្រី និយាយថា ក្រោមកិច្ចសហការជិតស្និទ្ធរវាងភាគីពាក់ព័ន្ធបានរួមគ្នាបង្កើតឱកាសជូនដល់និយ័តករ និងប្រតិបត្តិកររបបសន្តិសុខសង្គម រួមទាំងកម្មករនិយោជិតគ្រប់វិស័យ។ អង្គការអុកស្វាមរំពឹងថា កិច្ចពិភាក្សាលើកពីកង្វល់នានា នឹងត្រូវបានឆ្លើយតប ជាពិសេសការស្វែងរកដំណោះស្រាយសមស្របដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា។

ក្តីសង្ឃឹមសម្រាប់វិស័យសុខាភិបាលកម្ពុជា

កំណើនដ៏ច្រើននៃអ្នកទទួលសេវាសុខភាពសាធារណៈ បញ្ជាក់ពីការផ្តល់ទំនុកចិត្តលើប្រព័ន្ធសុខាភិបាលរបស់រដ្ឋ។ការណ៍នេះមិនត្រឹមតែជួយទ្រទ្រង់ដំណើរការនៃមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពនានាប៉ុណ្ណោះទេ វាថែមទាំងជាពន្លឺនៃប្រព័ន្ធសុខាភិបាលទាំងមូលរបស់កម្ពុជាទៀតផង។ វិស័យសុខាភិបាលដែលជាច្រើនឆ្នាំមកហើយ តែងត្រូវប្រជាជនមួយចំនួនរិះគន់ជុំវិញការមិនយកចិត្តទុកដាក់របស់គ្រូពេទ្យ ការធ្វើរោគវិនិច្ឆ័យ និងគុណភាពនៃការព្យាបាលជាដើម។ កត្តានេះបានជម្រុញឲ្យអ្នកជំងឺមួយចំនួនស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជន និងអ្នកខ្លះទៀតទៅស្វែងរកសេវាព្យាបាលនៅឯក្រៅប្រទេស ដូចជា ថៃ វៀតណាម និងសិង្ហបុរី ជាដើម។

អ្នកស្រី មាន សាវើន អាយុ ៤១ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ អ្នកស្រីស្ថិតក្នុងចំណោមអ្នកដែលតែងទៅពិនិត្យនិងព្យបាលជំងឺនៅឯក្រៅប្រទេស។ ប៉ុន្តែពេលនេះអ្នកស្រី សាវើន បានប្រដូចការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស.ទៅនឹងការផ្តល់សេវាថែទាំងសុខភាពនៅប្រទេសដែលអ្នកស្រីធ្លាប់ទៅ។
អ្នកស្រី មាន សាវើន៖«កាលពីមុន ដោយសារតែបងអត់មានជំនឿចិត្តនឹងពេទ្យយើង ដោយសារទី១ ដូចបងនិយាយចឹង។ គាត់មិនសូរនិយាយល្អមករកយើង។ ជួនកាលយើងសួរហើយ គាត់ត្រគោះបោះបោក ដែលកត្តានេះឯងដែលជំរុញឱ្យយើង មិនសប្បាយចិត្តនឹងពេទ្យក្នុងស្រុករបស់យើង។ តែមកទល់ឥឡូវនេះ បងមកប្រើសេវា គឺល្អ»។
ក្នុងនាមជាមន្ត្រីសុខាភិបាល លោក ផេង ប៉ូលីន មានសុទិដ្ឋិនិយមចំពោះប្រព័ន្ធសុខាភិបាលរបស់កម្ពុជា ហើយលោកមានបំណងយកមន្ទីរពេទ្យបង្អែកដង្កោជាគំរូសម្រាប់ពង្រឹងគុណភាព និងសេវាកម្មសុខាភិបាលរបស់រដ្ឋថែមទៀតផង។

លោក ផេង ប៉ូលីន បានបញ្ជាក់ថា៖«ពិតជាមានមោទនភាពណាស់ ដែលរដ្ឋាភិបាល ដែលលោកបានផ្តល់កាតប.ស.ស.និងកាតសមធម៌ទៅដល់ប្រជាជនដែលមកទទួលសេវា។ អីចឹងយើងឃើញថា ជាកត្តាជំរុញឱ្យពួកគាត់ងាកមកប្រើប្រាស់សេវាសាធារណៈ ក៏ដូចជាចង់បង្ហាញថា ក្នុងនាមយើងជាអ្នកផ្តល់សេវា យើងត្រូវគិតថា ធ្វើយ៉ាងណាឆ្លើយតបទៅតាមពេលវាលាទៅតាមស្ថានភាពឱ្យសមរម្យ ប្រសិនបើគាត់ទទួលបានព័ត៌មានច្បាស់ ចំទិសដៅ»។
ទន្ទឹមនឹងក្តីសង្ឃឹមដែលអ្នកជំនាញសុខាភិបាល និងប្រជាជនមួយចំនួនមានចំពោះប្រព័ន្ធសុខាភិបាលកម្ពុជា ក៏នៅមានប្រជាជនច្រើនទៀតដែលនៅមិនទាន់ទុកចិត្ត និងបន្តស្វែងរកសេវាព្យាបាលនៅពេទ្យឯកជន និងបរទេស។ អ្នកជំនាញនិយាយថា នេះជាឳកាសដែលកម្ពុជាត្រូវពង្រឹងបន្ថែមនូវគុណភាព និងប្រសិទ្ធិភាពនៃវិស័យសុខាភិបាល។
លោកស្រី ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ និយាយថា៖«ដើម្បីឱ្យពួកគាត់ជឿទុកចិត្តហ្នឹង គឺយើងត្រូវតែព្យាបាលទៅតាមបច្ចេកទេសរបស់ពេទ្យ ហើយយើង ត្រូវរាក់ទាក់ យើងកុំរើសអើង យើងកុំក្រអើតក្រទម។ ត្រូវគិតថាប្រជាជន គឺជាបងប្អូនរបស់យើងឱ្យគាត់មកប្រើសេវានៅទីនេះបានល្អ»។

ដើម្បីបង្កើនទំនុកចិត្តក្រសួងសុខាភិបាលនាពេលកន្លងទៅថ្មីៗនេះ បានដាក់ចេញនូវគោលការណ៍ណែនាំប្រតិបត្តិគ្លីនិក និងស្តង់ដារគុណភាពដើម្បីធានាប្រសិទ្ធិភាពក្នុងការព្យាបាល។ ក្រសួងក៏មានយន្តការពិនិត្យតាមដាន និងវាយតម្លៃគុណភាពសេវាព្យាបាលនៅតាមមូលដ្ឋានផ្តល់សេវាសុខភាពសាធារណៈនៅទូទាំងប្រទេសផងដែរ។ ទាំងនេះគឺជាផ្នែកខ្លះៗនៃចក្ខុវិស័យសុខភាពកម្ពុជាឆ្នាំ២០៣០ សំដៅសម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។ ចក្ខុវិស័យនេះក៏ស្របគ្នានឹងយុទ្ធសាស្ត្របញ្ជកោណរបស់រដ្ឋាភិបាលផងដែរ ដែលកំណត់ការធ្វើទំនើបភាវូបនីកម្មប្រព័ន្ធសុខាភិបាល ដើម្បីបង្កើនទំនុកចិត្ត និងគណនេយ្យភាពខ្ពស់ចំពោះប្រជាពលរដ្ឋ៕
ដោយ៖ឡុង គីមម៉ារីតា Apsara Tonight

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner