ទូតបង់ក្លាដែស ភ្ញាក់ផ្អើលពេលឃើញការអភិវឌ្ឍដ៏ខ្លាំងរបស់កម្ពុជា ព្រោះ ឯកឧត្តម ធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០

(ភ្នំពេញ)៖ ទូតបង់ក្លាដែស ភ្ញាក់ផ្អើលពេលឃើញការអភិវឌ្ឍដ៏ខ្លាំងរបស់កម្ពុជា ព្រោះឯកឧត្តម ធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ជាពេលដែលកម្ពុជាជួបប្រទះការលំបាកខ្លាំង ។ ទាំងនេះ គឺដោយសារ កម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ ។

ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានថ្លែងដូច្នេះ ក្នុងពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា មុនពេល ឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-បង់ក្លាដែស ក្នុងអាណត្តិរបស់ឯកឧត្តម ។

ឯកឧត្តម Mohammed Abdul Hye បានសំដែងនូវការអបអរសាទរ សម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា កម្ពុជា។ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវ នាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានចាត់ទុកសម្តេចជាប្អូនប្រុស និងបញ្ជាក់ថា កម្ពុជា ទទួលបានការកោតសរសើរ និង ស្រឡាញ់ពីប្រជាជនបង់ក្លាដែស ។ ឯកឧត្តម បានអបអរ និងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ មេដឹកនាំដូចប្រទេសកម្ពុជាមាន មិនមានច្រើនទេនៅក្នុងពិភពលោក ។

ឯកឧត្តម បន្តថា រដ្ឋាភិបាលបង់ក្លាដែស ជាពិសេស លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ជាភូមិផងរបងជាមួយ។ នៅពេលប្រទេសមីយ៉ាន់ម៉ា មានស្ថិរភាព តំបន់អាស៊ីអាគ្នេយ៍នឹងកាន់តែស្ថិរភាព សន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតជាមិនខាន។ ដូចនេះ ត្រូវរក្សាសន្តិភាពឱ្យស្ថិតស្ថេរជាដរាប ។

ឯកឧត្តម ក៏បានអបអរសាទរ និងកោតសរសើរកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូន និងប្រកបដោយសន្តិភាពដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ។ ក្នុងនាមលោកជំទាវប្រធានសភាជាតិបង់ក្លាដែស ឯកឧត្តម ឯកអគ្គរដ្ឋទូត សូមគោរពអញ្ជើញ សម្តេចតេជោ ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងចែករំលែកពីសារសំខាន់នៃសន្តិភាព និង ស្ថិរភាព សម្រាប់ការអភិវឌ្ឍ ។

ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម Mohammed Abdul Hye ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្តេច ចាត់ទុកជាបងធម៌ និងបានធ្វើការជាមួយគ្នាយ៉ាងច្រើនក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្តេច និងប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងណាស់ ដើម្បីសម្រេចបានសន្តិភាពដោយខ្លួនឯង ។ ពិតណាស់ យើងមានកិច្ចព្រមព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដែលគោលដៅចម្បងរបស់អ៊ុនតាក់ គឺសន្តិភាព ។ ក៏ប៉ុន្តែនៅពេលអ៊ុនតាក់ចាកចេញពីកម្ពុជា បន្ទាប់ពីចំណាយអស់ប្រមាណ២ពាន់លានដុល្លារ អ៊ុនតាក់ ទុកប្រទេសកម្ពុជាមួយដែលមានមានតំបន់ត្រួតត្រាពីរ។ សម្តេចបានប្រថុយគ្រោះថ្នាក់ និងជីវិត ក្នុងការដឹកនាំកម្លាំងតស៊ូ ក្រោយមកចូលក្នុងតំបន់ខ្មែរក្រហម ដើម្បីសម្រេចបាននូវសន្តិភាពនៅចុងឆ្នាំ១៩៩៨ ។ សន្តិភាពបែបនេះ មិនមានទេនៅកម្ពុជា ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ។ ពេលបញ្ចប់សង្គ្រាមបានទាំងស្រុង សម្តេចបានប្រមូលកម្លាំងមនុស្ស និង ប្រាជ្ញា ដើម្បីខិតខំសម្រេចកំណើនសេដ្ឋកិច្ច ជាង៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍ ។ រហូតដល់ឆ្នាំ២០០៤ ទីក្រុងភ្នំពេញ មានអគារខ្ពស់ត្រឹមតែប្រាំពីរជាន់ តែមួយប៉ុណ្ណោះ តែឥឡូវមានអគារខ្ពស់ ម្ភៃ សាមសិបជាន់ រាប់រយ។ ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងពី៣០០គម២ មកជាង ៧០០គម២ រីឯ ប្រជាជនក៏មានការកើនឡើងខ្លាំងក្លាដែរ ។

សម្តេចមានការកោតសរសើរថ្នាក់ដឹកនាំបង់ក្លាដែស ខិតខំអភិវឌ្ឍប្រទេសដែលមានប្រជាជនច្រើន ជិត១៧០លាននាក់ស្មើ ១០ដងនៃប្រជាជនកម្ពុជា នៅក្នុងផ្ទៃដីតូចជាងកម្ពុជា ។ សម្តេច វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្រេចបាននូវស្ថិរភាពមួយដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចខ្ពស់របស់បង់ក្លាដែស និង ការទប់ស្កាត់ជំងឺកូវីដ១៩។ ទឹកដីតូច និង ចិញ្ចឹមប្រជាជនជិត ១៧០លាននាក់ មិនមែនជាការងាយស្រួលទេ ជាពិសេស ពេលសម័យជំងឺកូវីដ១៩។ សម្ដេចតេជោ ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រទេសខ្លះធ្លាប់មើលស្រាលសមត្ថភាពរបស់ប្រទេសកម្ពុជា បង់ក្លាដែស និងនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ពាក់ព័ន្ធនឹងការផ្ទេរអំណាចដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា វាគឺជាការលះបង់ដ៏ធំធេងផ្ទាល់ខ្លួនរបស់សម្តេច ដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។ មិនមាននាយករដ្ឋមន្ត្រីច្រើន ដែលហ៊ានលះបង់ដូចសម្តេចទេ ។ លទ្ធផលល្អនៃការលះបង់របស់សម្តេច បានចេញឱ្យឃើញកាន់តែជាក់ស្តែង ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ត្រូវធានាបានកំណើនសេដ្ឋកិច្ចនៅតែបន្ត អតិផលរណាទាប ។ សម្តេចតេជោ នឹងទទួលយកដោយរីករាយនូវការអញ្ជើញរបស់លោកជំទាវប្រធានសភាជាតិ បង់ក្លាដែស ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ដែលនឹងជាឱកាសសម្រាប់សម្តេច ជួបសួរសុខទុក្ខលោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina ផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner