អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ
(ភ្នំពេញ)៖ អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអធិការកិច្ច នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ៣៨រូប។
កិច្ចប្រជុំនេះមានគោលបំណង ១- សមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាដែលសម្រេចបានកន្លងមក ២- ពិនិត្យនូវឋាមវ័ន្តនៃប្រព័ន្ធរួមគ្នាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ៣- ពិនិត្យ និងអនុវត្តនូវវិធាននានា នៃនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ វិស័យអធិការកិច្ច ។
លោកជំទាវ ម៉ាត់ ម៉ារ៉ា បានថ្លែងកោតសរសើរដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលសំខាន់ៗកន្លងមក ។ លោកជំទាវ ក៏បានរំលេចពីការចូលរួមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍ ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើតនូវគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍តាំងពីឆ្នាំ២០១៤ ហើយផែនការឆ្លើយតបនឹងមេរោគអេដស៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ទទួលនូវការគាំទ្រថវិកាជាតិ ដើម្បីធ្វើសកម្មភាពជាបន្តបន្ទាប់រៀងរាល់ឆ្នាំផងដែរ។ លើសពីនេះ ក្នុងឆ្លើយតបនឹងមេរោគអេដស៍ ក្រសួង មាននាយកដ្ឋានមួយទទួលខុសត្រូវសុខភាពបឋមសម្រាប់ពលរដ្ឋនៅជនបទ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩ ។ ឯកឧត្តមប្រធានអង្គប្រជុំ បានបន្តថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ មានគោលបំណង ១)- សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណីក្នុងមួយថ្ងៃឬជាង២០០នាក់ក្នុងមួយឆ្នាំ ២)- សម្រេចទប់ស្កាត់ការស្លាប់ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ ៣)- បំបាត់ការរើសអើងនិងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន ៥៨ សម្រាប់អនុវត្ត ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានអរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបញ្រ្ជាបអប់រំពីអេដស៍ ដើម្បីអាចលុបបំបាត់អេដស៍សម្រេចឱ្យបាននូវគោលដៅ ៩៥-៩៥-៩៥ តាមការចូលរួម និងប្រឹងប្រែងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ដែលទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសរៀងរាល់ខែ ដើម្បីចូលរួមក្នុងការពិនិត្យនូវវឌ្ឍនភាព និងការងារបច្ចេកទេស ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានដាក់ឱ្យពិភាក្សានូវវិធាននានាសម្រាប់វិស័យអភិវឌ្ឍន៍ជនបទ នៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមាន៖ ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័យ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ) ៕
អត្ថបទ ៖ វណ្ណលុក
ប្រភព ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍