រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី៤ ខែមិថុនា

ភ្នំពេញ៖ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

បើលោក Wesley Holzer អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក គឺដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិជាមួយមេដឹកនាំថ្មីរបស់កម្ពុជា។ វត្តមានរបស់លោករដ្ឋមន្ត្រី LIoyd Austinនៅកម្ពុជានាដើមខែមិថុនាខាងមុខ គឺជាដំណើរការទស្សនកិច្ចផ្លូវការលើកទី១។ ប៉ុន្តែបើនិយាយក្នុងក្របខណ្ឌប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នេះគឺជាលើកទី២។

ដោយឡែក ឯកឧត្តម ជុំសុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ យើងកំពុងសម្របសម្រួលរៀបចំឱ្យមានជំនួបរវាង ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ជាមួយថ្នាក់ដឹកនាំកម្ពុជា តាមសំណើរបស់ភាគីអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា ទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា-អាមេរិក បាននិងកំពុងត្រូវ បានលើក កម្ពស់នៅក្នុងវិស័យនានាជាច្រើន។ ដំណើរទស្សនកិច្ចរ បស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជាឱកាសដ៏ល្អមួយទៀតសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ប្រភពដដែលបានបន្តទៀតថា ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅខណៈកម្ពុជា កំពុងត្រៀម ខ្លួនទទួលតួនាទីជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក រយៈពេលបីឆ្នាំ ពីឆ្នាំ ២០២៤-២០២៧ ក្នុងពេលឆាប់ៗនេះ។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងមកចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី ចាប់ផ្តើមពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់ពីសន្និសីទនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងមកប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ច។ នៅក្នុងប្រទេសកម្ពុជា លោកនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន។ លោក Lloyd Austin ធ្លាប់មកប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលកាលនោះ លោកមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។ដំណើរទស្សនកិច្ចលើកទី១០របស់លោក Lloyd Austin មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កើតឡើងស្របពេលដែលក្រសួងការពារជាតិអាមេរិកបន្តពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងសម័ន្ធមិត្ត និងដៃគូ ដើម្បីគាំទ្រនូវទស្សនៈតំបន់រួមគ្នាសម្រាប់សន្តិភាព ស្ថិរភាព និងវិធានការបង្ការ៕
ដោយ៖ពលជ័យ

ads banner