សាខាកាកបាទក្រហមខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមដល់មន្រ្តីមន្ទីរចំនួន១៥

កំពង់ធំ៖សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី២៧ ខែឧសភាបានបើកវគ្គបណ្តុះបណ្តាលវិជ្ជា​សង្រ្គោះ​បឋម ជូនដល់មន្រ្តីមកពីមន្ទីរចំនួន១៥​ក្នុងខេត្ត ក្រោមអធិបតី​ភាព​លោកស្រី លំ គន្ធារី អនុប្រធានអចិន្រ្តៃយគណៈកម្មាធិការ​សាខាកាក​បាទក្រហម​កម្ពុជា​ខេត្តកំពង់ធំ លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ។វគ្គបណ្ដុះ​បណ្ដាលពេញមួយថ្ងៃនេះមាន​សិក្ខាកាម​ចំនួន៣០នាក់ (ស្រី៩នាក់) ។

 លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត​បានលើកឡើងថា វិជ្ជាសង្គ្រោះបឋមជាការ ជួយសង្គ្រោះជីវិត ការកាត់បន្ថយ​ភាពធ្ងន់ធ្ងរនៃរបួសស្នាម និងជួយសម្រួល​ការឈឺចាប់ របស់ជនរងគ្រោះមុននឹងបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ ។

វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមានមេរៀនសំខាន់ដូចជា វិបត្តិផ្លូវដង្ហើម ការបាត់បង់ស្មារតី មានដង្ហើម និងគ្មានដង្ហើម ការស្លាក់ ការហូរឈាម ការបាក់ឆ្អឹង របួស និងការបញ្ជូន​ជនរងគ្រោះទៅមន្ទីរពេទ្យ។

លោកស្រី លំ គន្ធារី បានបង្ហាញពីគោលបំណងក្នុងការបើក​វគ្គបណ្តុះបណ្តាលនេះ​ ថាជាការយកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​​របស់​ប្រជាជន ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែង​ការងារ សហគមន៍ដែលតែងតែជួបប្រទះជាញឹកញាប់ ក្នុង​ជីវភាព​រស់នៅ។ សង្គ្រោះបឋមផ្តល់ និងបង្រៀននូវចំណេះ​ដឹងចាំបាច់ជំនាញ និងឥរិយាបថ ដើម្បីយកទៅប្រើប្រាស់ឱ្យ​សមស្របទៅ​នឹងធនធាន​ក្នុងសហគមន៍។ សង្គ្រោះបឋម គឺលើកកម្ពស់ការយល់ដឹង ស្តីពីវិជ្ជាសង្រ្គោះបឋម  និងផ្សព្វ​ផ្សាយ​​ឱ្យបានទូលំទូលាយ​ទៅតាម​យុទ្ធសាស្រ្ត​២០២១-​២០៣០ របស់កាកបាទក្រហមកម្ពុជា គោលដៅមួយ​គ្រួសារ​មានអ្នកចេះវិជ្ជា​សង្រ្គោះបឋមមួយនាក់៕

      ដោយ៖ ប៊ុន រដ្ឋា

ads banner