ផ្កាយរណបចារកម្ម កូរ៉េខាងជើង ផ្ទុះលើអាកាស

ព្យុងយ៉ាង៖ ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ Malligyong-1-1 របស់កូរ៉េខាងជើង បានបរាជ័យ បន្ទាប់ពីវាបានផ្ទុះ នៅលើអាកាស អំឡុងដំណាក់កាល ហោះហើរដំបូង កាលពីថ្ងៃចន្ទ នេះបើតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ របស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ KCNA បានបន្ថែមថា «ការពិនិត្យឡើងវិញរបស់អ្នកជំនាញបានសន្និដ្ឋានថា មូលហេតុនៃបរាជ័យនេះ គឺបណ្តាលមកពីប្រតិបត្តិការ នៃម៉ាស៊ីនអុកស៊ីសែនរាវ និងប្រេងដែលបានអភិវឌ្ឍថ្មី»។

យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានឃើញការបាញ់បង្ហោះនេះ ហើយអះអាងថា ពិតជាបានផ្ទុះ នៅលើអាកាសមែន។ ប្រភពបានបន្តថា អាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងវិភាគវា យ៉ាងលម្អិត នៅក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើរឿងនេះ។

កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ត្រូវបានរារាំងដោយដំណោះស្រាយជាច្រើន របស់អង្គការសហប្រជាជាតិ ពីការសាកល្បង ដោយប្រើបច្ចេកវិទ្យាផ្លោង។ អ្នកវិភាគនិយាយថា មានការត្រួតស៊ីគ្នាផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំង រវាងសមត្ថភាពបាញ់បង្ហោះក្នុងលំហ និងការអភិវឌ្ឍន៍មីស៊ីលផ្លោង។

យោធាកូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះនេះគឺជាទង្វើបង្កហេតុដែលបំពានយ៉ាងច្បាស់ ទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner