ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ ៨១៧
(បាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ ៨១៧ ស្ថិតនៅ ស្រុកសំពៅលូន ក្នុងដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។

កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងចម្រុះ ដែលប្រចាំការតាមបណ្ដាច្រកទ្វារ និងកម្លាំងការពារព្រំដែន ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធសម្រេចបាន ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។

ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយផ្ដោតលើមុខព្រួញ២ គឺការពង្រឹងការងារក្នុងសមត្ថកិច្ចផ្ទៃក្នុងខេត្ត និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា។
ក្នុងក្របខណ្ឌផ្ទៃក្នុងខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យបន្តយកចិត្តទុកដាក់ធានាឱ្យបានជាដាច់ខាតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តី និងកម្លាំង ស្របតាមទិសស្លោកដឹកនាំ សម្អាតផ្ទះយើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ដូចបានអនុវត្តតាំងពីដើមនីតិកាលទី៧មក មន្ត្រីក្រសួងមហាផ្ទៃ ទាំងរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ គឺត្រូវតែបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ ដោយគ្មានការយោគយល់អ្វីទាំងអស់ ប្រសិនបើរកឃើញមានសាធាតុញៀន ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងជួលទាំងឡាយណា ដែលមានលក្ខណៈអំណោយផលដល់ការប្រព្រឹត្តបទល្មើសលួចលាក់កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញស៊ើបអង្កេតឈានទៅបង្ក្រាឱ្យអស់នូវខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោលដៅនៃការបង្កប់ លួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីឬជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងមានវាសនាមិនខុសពីផ្សែងដែលចេញពីក្រដាសខ្ចប់ភ្លើងនោះឡើយ។ ជាមួយគ្នានេះ ឯកឧត្តមបានព្រមានចេញពីកិច្ចប្រជុំនេះទៅតែម្ដង ប្រសិនបើមានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែណាមួយត្រូវបានរកឃើញទោះដោយសម្ងាត់ឬជាចំហរក្ដីថាមានករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ឬមានអ្នកជាប់ឃុំណាមួយអាចទៅពាក់ព័ន្ធដោយផ្ទាល់នឹងបទល្មើសនៅខាងក្រៅ រួមទាំងបទល្មើសគ្រឿងញៀន ដោយប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនោះនឹងទទួលខុសត្រូវមុនគេ ចំពោះបញ្ហាដែលបានកើតឡើង។

ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា ពិសេសការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារស្រាវជ្រាវ ស៊ើបអង្កេតនិងការផ្លាស់ប្ដូរបទពិសោធន៍ ពីព្រោះបញ្ហាគ្រឿងញៀនគឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរមានគោលដៅរួមដូចគ្នា។ ឯកឧត្តមក៏បានផ្ដាំផ្ញើឱ្យបញ្ចូលរបៀបវារៈស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំប្រតិភូ បន្តដំណើរទៅសួរសុខទុក្ខកងកម្លាំង និងពិនិត្យច្រកទ្វារព្រំដែនតំបន់អូររំដួល និងច្រកទ្វារព្រំដែនអូរអន្លក់ដែលច្រករបៀងទាំងពីរនេះ បាននិងកំពុងស្ថិតក្នុបរិយាកាសសន្តិសុខយ៉ាងល្អប្រសើរ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗរវាងឈ្មួញ និងប្រជាជនទាំងសងខាង។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍លើកទឹកចិត្តកងកម្លាំងដែលប្រចាំការតាមច្រកទ្វារ បង្កើនការយកចិត្តទុកដាក់បង្ក្រាបករណីចរាចរណ៍គ្រឿងញៀនឆ្លងកាត់ផងដែរ ៕
ដោយ / គ្រី សម្បត្តិ