ទីក្រុងសៀងហៃបន្ធូរបន្ថយច្បាប់ទិញផ្ទះ ដើម្បីជួយដល់វិស័យអចលនទ្រព្យ
សៀងហៃ៖ ទីក្រុងសៀងហៃបានបន្ធូរបន្ថយច្បាប់ទិញអចលនទ្រព្យនៅក្នុងទីក្រុង ខណៈដែលប្រទេសចិនកំពុងព្យាយាមដោះស្រាយវិបត្តិអចលនទ្រព្យដែលកំពុងដាក់សម្ពាធលើសេដ្ឋកិច្ច។

សៀងហៃដែលជាទីក្រុងមហាអំណាចសេដ្ឋកិច្ច និងទីក្រុងមានបំផុតមួយរបស់ប្រទេសចិន នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា ខ្លួននឹងកាត់បន្ថយចំនួនឆ្នាំដែលតម្រូវឱ្យអ្នកទិញត្រូវតែរស់នៅទីនោះ មុនពេលពួកគេអាចទិញអចលនទ្រព្យបាន ពី៥ឆ្នាំនៅសល់តែ៣ឆ្នាំវិញ។ សេចក្តីប្រកាសនេះ ក៏ធ្វើឡើងដូចគ្នានៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនផ្សេងទៀតផងដែរ មានដូចជា Hangzhou និង Xi’an ដោយកាត់បន្ថយការរឹតបន្តឹងការទិញផ្ទះសម្រាប់អ្នកទិញលើកដំបូង។
ហើយរដ្ឋាភិបាលកណ្តាលបានផ្លាស់ប្តូរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីទប់ស្កាត់វិបត្តិនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ដែលរ៉ាប់រងមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន។ ក្នុងខែឧសភានេះ ទីក្រុងប៉េកាំងបានកាត់បន្ថយអត្រាការប្រាក់ទាបបំផុតសម្រាប់អ្នកទិញផ្ទះជាលើកដំបូង មកនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ហើយបានស្នើឱ្យមន្រ្តីរដ្ឋាភិបាលអាចទិញអចលនទ្រព្យពាណិជ្ជកម្មបាន។
គួរបញ្ជាក់ថា ទីក្រុងជាច្រើនរបស់ប្រទេសចិនបានដាក់កំហិត និងរឹតត្បិតតម្រូវការឥណទានសម្រាប់ទិញផ្ទះក្នុងរយៈពេលមួយទសវត្សរ៍មុន នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយតម្លៃកើនឡើង។
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា