អគ្គនា​​​យករងនៃអគ្គនាយកដ្ឋានកីឡា ជំរុញឱ្យមន្រ្តី និងគ្រូបង្រៀន ខិតខំ​ក្រេប​ចំណេះ​ដឹង​ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មា​ន និងសារគមនាគមន៍ (ICT) ដើម្បីក្លាយជាធនធានជួយដល់​វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសម្រាប់វេបសាយ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ មន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយដ្ឋានកីឡា បានថ្លែងថា បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ គឺជាបច្ចេកវិទ្យាដែលមានជំនាញច្បាស់លាស់ខាងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកដែលសំដៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមរយៈឧបករណ៍អេឡិចត្រូនិចដែលអាចជួយឱ្យស្ថាប័នមួយមានលទ្ធភាពទទួលព័ត៌មានបានឆាប់រហ័ស។ ដូច្នោះសិក្ខាសាលា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) មានរយៈពេល ៣ថ្ងៃនេះ ដែលចែករំលែកដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្ត្រី និងគ្រូបង្រៀន  លើការគ្រប់គ្រងព័ត៌មាន វិធីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងការរៀបចំដាក់បញ្ចូលឯកសារខ្លឹមសារអប់រំកាយក្នុងកម្មវិធីសិក្សា។

លោក ដួង មាសចំរើន ក្នុងនាម ក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រី និងគ្រូឧទ្ទេស ដែលបានខិតខំប្រឹងប្រែងបំពេញតាមតួនាទី និងភារកិច្ចរៀងៗខ្លួនប្រកបដោយភាពជោគជ័យ ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សដែលជាគរុសិស្ស គរុនិស្សិតលើមុខវិជ្ជាអប់រំកាយ និងកីឡា ឱ្យក្លាយជាធនធានប្រកបដោយប្រសិទ្ធភាព និងដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សឱ្យក្លាយជាសរសរទ្រូងអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។ ជួសមុខឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលជាដៃគូដ៏សំខាន់ក្នុងការអនុវត្តគម្រោងដោយផ្តោតលើការអភិវឌ្ឍន៍គុណភាពគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ។

ជាមួយគ្នានេះ លោក ដួង មាសចំរើនបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីគ្រូឧទ្ទេស ធ្វើយ៉ាងណាទទួលបានលទ្ធផលល្អ ដើម្បីឆ្លើយតបទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព។

ហួត ពៅលក្ខិណា គ្រូឧទ្ទេស និងជាមន្រ្តីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានថ្លែងបញ្ជាក់ អំពីសារៈសំខាន់ICTថា ខណៈដែលវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាកំពុងតែវិវឌ្ឍន៍ខ្លួនទៅជាគ្រឹះស្ថានឧត្តមសិក្សានាពេលខាងមុខ គ្រប់ប្រព័ន្ធគ្រប់គ្រងនិងកម្មវិធីបង្រៀនសុទ្ធសឹងតែប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់។

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥ ដែលមានគោលដៅជាយុទ្ធសាស្ត្រចំនួន០៤ និងយុទ្ធសាស្រ្តចំនួន១០។ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ដែលត្រូវបានគេហៅជាភាសាអង់គ្លេសថា ICT រួមមាន បច្ចេកវិទ្យាផ្សេងៗ សម្រាប់ការទទួល ការបញ្ជូន ការរក្សាទុក ដំណើរការ ស្រាវជ្រាវ និងការបង្ហាញព័ត៌មានផ្សេងៗ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner